ក្លឹប Atletico Madrid បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Mason Greenwood ពីគូប្រជែង Getafe។
ខ្សែប្រយុទ្ធរូបនេះ កំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលនៅក្លឹប Getafe ក្នុងក្របខ័ណ្ឌ La Liga ជាកន្លែងដែលគាត់បង្ហាញការចាប់អារម្មណ៍ម្ដងទៀត។
ចាប់តាំងពីចូលរួមជាមួយក្រុម Getafe ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងក្នុងការបង្ហាញខ្លួន 15 ប្រកួត។
ទម្រង់លេងរបស់ Greenwood ត្រូវបានគេដឹងថាបានទាក់ទាញចំណាប់អារម្មណ៍របស់ Barcelona ហើយក្លឹបត្រូវបានគេរាយការណ៍ថាសុខចិត្តប្រគល់អាវលេខ 10 ដល់គាត់ ដែលជាអាវធ្លាប់ពាក់ដោយ Lionel Messi ។
ខណៈពេលនេះ Marca បានរាយការណ៍ថា Atletico បានចូលរួម ក្នុងការប្រជែងយក Greenwood។ គួបញ្ជាក់ផងដែរ Man United បានដាក់តម្លៃផ្ដាច់កុងត្រាចំនួន 40 លានផោនសម្រាប់ Greenwood ដែលត្រូវបានចុះកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ 2025 ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត៕