ក្លឹប Newcastle United មានទំនុកចិត្តថា ពួកគេអាចចុះហត្ថលេខាលើតារាឆ្នើម Kalvin Phillips របស់ Manchester City នេះបើយោងតាមរបាយការណ៍ Metro។
Phillips ត្រូវបានគេរំពឹងថានឹងចាកចេញពី Etihad ក្នុងខែមករា ដោយពុំសូវបានបង្ហាញខ្លួនជាមួយ Man City។ ថ្មីៗនេះលោក Pep Guardiola បានសារភាពថា ខ្សែបម្រើការពារដែលទើបតែចាប់ផ្តើមបានពីរប្រកួតក្នុងរដូវកាលនេះ គឺមិនស្ថិតក្នុងគម្រោងរបស់គាត់ទេ។
ទោះបីមិនសូវបានបង្ហាញខ្លួនក៏ដោយ Phillips នៅតែមានកេរ្តិ៍ឈ្មោះល្អ ហើយក្លឹបជាច្រើននៅតែចាប់អារម្មណ៍លើគាត់ រួមមាន Juventus, Everton និង Crystal Palace។
Newcastle ក៏មានការចាប់អារម្មណ៍ជាយូរមកលើកីឡាកររូបនេះ ហើយឥឡូវនេះ The Telegraph បានរាយការណ៍ថាពួកគេមានទំនុកចិត្តថា អាចទទួលបានកិច្ចព្រមព្រៀងលើកីឡាកររបស់ Man City។
ការចរចាមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែក្រុម Newcastle ចង់បើកការពិភាក្សាលើកិច្ចព្រមព្រៀងខ្ចីជើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចំពេលមានទម្រង់លេងមិនល្អ និងវិបត្តិរបួសកីឡាករ។ Eddie Howe ជាអ្នកកោតសរសើរកីឡាកររូបនេះ ហើយចាត់ទុកខ្សែបម្រើថ្មីជាអាទិភាពកំពូល៕