ខ្សែបម្រើ Mateo Kovacic របស់ Manchester City អាចក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពាន FIFA Club World Cup ជាមួយនឹងក្រុមបីផ្សេងគ្នា។
កីឡាករសញ្ជាតិក្រូអាតគឺជាផ្នែកមួយនៃក្រុមរបស់លោក Pep Guardiola ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយក្រុម Urawa Reds ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត។
Man City បានកក់កៅអីសម្រាប់ការប្រកួតនេះ បន្ទាប់ពីបានឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន។ ពួកគេក៏បានឈ្នះ Premier League និង FA Cup ប៉ុន្មានថ្ងៃមុនការលើកពានអឺរ៉ុបរបស់ពួកគេ។
ដោយបានឈ្នះពានរង្វាន់ UEFA Supercup ផងដែរនៅរដូវកាលនេះ ក្រុមមេឃខៀវកំពុងសម្លឹងរកការបញ្ចប់ឆ្នាំដ៏រុងរឿងរបស់ពួកគេ ជាមួយនឹងពានរង្វាន់ Club World Cup។ ប្រសិនបើអាចឈ្នះក៏នឹងបង្កើតព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយសម្រាប់ Kovacic ផងដែរ។
ពីមុនគាត់បានឈ្នះពាននេះក្នុងការប្រកួតជាមួយ Real Madrid ក្នុងឆ្នាំ 2016 និង 2017 ហើយបន្ទាប់មកម្តងទៀតជាមួយ Chelsea នៅឆ្នាំ 2021។ ប្រសិនបើរឿងនេះកើតឡើងមែន គាត់នឹងក្លាយជាកីឡាករដំបូងគេដែលឈ្នះពាន Club World Cup ជាមួយនឹងក្រុមបីផ្សេងគ្នា។
គួររំលឹកឡើងវិញដែរថា កីឡាករបួននាក់ផ្សេងទៀតបានឈ្នះពាន FIFA Club World Cup ជាមួយនឹងក្រុមពីរផ្សេងគ្នាគឺ Cristiano Ronaldo (Manchester United និង Real Madrid), Toni Kroos (Bayern Munich និង Real Madrid), David Alaba (Bayern Munich និង Real Madrid) និង Antonio Rudiger (Chelsea និង Real Madrid)៕