កីឡាករ ៣​រូប​ដែល​Chelsea ត្រៀម​នឹង​លក់​ក្នុង​ខែមករា

0

ក្លឹ​ប Chelsea ត្រៀម​នឹង​លក់​កីឡាករ​មួយ​ចំនួន​ចេញពី​ក្លឹ​ប​ក្នុង​ខែមករា រួម​ទាំង Noni Madueke ដែល​ទើប​មក​ដល់​បាន​ត្រឹមតែ​មួយ​ឆ្នាំ​។

ក្រុម​តោ​ខៀវ​បាន​ចំណាយ​ប្រាក់​អស់​ចំនួន 450 លាន​ផោន​ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​លើ​កីឡាករ​ថ្មី​ចំនួន 13 នាក់ ប៉ុន្តែ​លោក Mauricio Pochettino បាន​លើក​ឡើង​ថា ក្លឹ​ប​ប្រហែលជា​ត្រូវ​ដោះ​ដូរ​ម្ដងទៀត​នៅ​ក្នុង​ខែមករា​។

យោង​តាម​សារព័ត៌មាន ESPN បាន​រាយការណ៍​ថា Madueke អាយុ 21 ឆ្នាំ​ជា​កីឡាករ​ម្នាក់​ដែល​អាច​ត្រូវ​ចាកចេញ​។ កីឡាករ​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម 21 ឆ្នាំ​ត្រូវ​បាន​ចុះហត្ថលេខា​ពី PSV Eindhoven កាលពី​ខែមករា​ឆ្នាំ​មុន ដែល​ជា​ការ​ចុះហត្ថលេខា​ដោយ​លោក Graham Potter ។
ខ្សែបម្រើ​ស្លាប​រូប​នេះ ក៏​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួត ក្រោម​ការ​ដឹកនាំ​របស់ Pochettino ដោយ​ចាប់ផ្ដើម​បាន​តែ​មួយ​ប្រកួត​ក្នុង​រដូវ​កាល​នេះ​។

ចំណែក​កីឡាករ Trevoh Chalobah ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាកចេញ​។ Bayern Munich និង Roma សុទ្ធតែ​បាន​ចាប់អារម្មណ៍​លើ​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ហើយ Crystal Palace ក៏​កំពុង​តាមដាន​ស្ថានភាព​របស់​គាត់​ផង​ដែរ​។

ហើយ​កីឡាករ Ian Maatsen គឺជា​កីឡាករ​ម្នាក់​ទៀត ដែល​អាច​នឹង​មានការ​ផ្លាស់​ប្តូរ ដោយ​កីឡាករ​សញ្ជាតិ​ហូ​ឡង់​បាន​បង្ហាញខ្លួន​ត្រឹមតែ​130 នាទី​នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ក្នុង 9 ប្រកួត​សម្រាប់​រដូវ​កាល​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្លឹ​ប Borussia Dortmund ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក Maasten ទៅ​កាន់ Wesfalenstadion ប៉ុន្តែ​វា​នៅ​តែ​ត្រូវ​មើល​ថា តើ​ពួក​គេ​អាច​ផ្ដល់​សំណើរ​ជា​អចិន្ត្រៃយ៍​ដែរ​ឬទេ​៕