Scott McTominay សរសើរ​អ្នកចាត់ការ Manchester United

0

កីឡាករ Scott McTominay បាន​សរសើរ​អ្នកចាត់ការ Erik ten Hag ជាមួយនឹង​ការ​បង្ហាត់បង្ហាញ​ទម្រង់​លេង ដែល​ប្រសើរ​ឡើង​ក្នុង​ជ័យជម្នះ 2-1 របស់ Manchester United លើ Chelsea​។ បិសាច​ក្រហម​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ទម្រង់​លេង​របស់​ពួក​គេ​តាំងពី​ចាប់ផ្ដើម​រដូវ​កាល​។

នៅ​ពេល​សួរ​ថា តើ​មាន​អ្វី​ជា​គន្លឹះ​ដែល​ធ្វើ​អោយ​ប្រសើរ​ឡើង​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Chelsea បើ​ប្រៀបធៀប​ទៅ​នឹង Newcastle កីឡាករ McTominay បាន​ប្រាប់ Amazon Prime ថា​៖ « អ្នកគ្រប់គ្រង​បង្ហាញ​ពី​កំហុស​របស់​យើង ហើយ​មិន​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​ពេក​។ វា​ជា​វិធី​ដែល​គាត់​បានអោយ​យើង​ហ្វឹកហាត់​ចលនា​ស្រាល​ៗ ដើម្បី​រក្សា​ថាមពល រក្សា​ភាព​ស្រស់ស្រាយ និង​រីករាយ​សម្រាប់​ការ​ប្រកួត​។ ប៉ុន្តែ​សម្រាប់​យើង វា​ជា​យប់​មួយ​ដែល​យើង​គួរតែ​រីករាយ​ជាមួយ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​»​។

និយាយ​ពី​លទ្ធផល​ចាញ់ Newcastle គាត់​បាន​លើក​ឡើង​ថា​៖ «​ក្នុង​ការ​ចាប់ផ្តើម យើង​ពិតជា​ធ្វើ​បាន​ល្អ​ណាស់​នៅ​ក្នុង​ការ​ប្រកួត ហើយ​ជាក់ស្តែង​អ្នកគាំទ្រ ពិតជា​រីករាយ​ជាមួយនឹង​វិធី​ដែល​យើង​បាន​ចាប់ផ្តើម​។ អ្នកគាំទ្រ​ទាំងអស់​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​របៀប​ដែល​យើង​ទប់ទល់​នឹង​ការ​ប្រកួត​នោះ ហើយ​យើង​ដឹង​ច្បាស់​ថា​យើង​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នោះ​ទេ​»៕