INEOS បញ្ជាក់​ថា UEFA មិន​អោយ Man Utd ជាប់​បម្រាម​ក្នុង​ការ​ប្រកួត​ពានរង្វាន់​អឺរ៉ុប​ទេ

0

សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ដែល​ហៅ​កាត់​ថា UEFA កំពុង​រៀបចំ​ផែនការ ដែល​អោយ​ក្រុម​ច្រើន មាន​ម្ចាស់​ក្លឹ​ប​ជាមួយ​គ្នា មាន​សិទ្ធ​ចូលរួម​ប្រកួត​ពានរង្វាន់​អឺរ៉ុប នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ 90min ។

បញ្ហា​នេះ​បាន​កើតឡើង​វិញ​បន្ទាប់​ពី​ការ​ទិញ​ភាគហ៊ុន 25% របស់​លោក Jim Ratcliffe ក្នុង​ក្រុម Manchester United តាម​រយៈ​ក្រុមហ៊ុន​របស់​គាត់​គឺ INEOS ដែល​ជា​ម្ចាស់​ក្លឹ​ប OGC Nice ។

ដោយសារ Nice មាន​មួយ​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Ligue 1 PSG ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​ប្រកួត Champions League ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ការ​ព្រួយបារម្ភ​ជុំវិញ​បទ​ប្បញ្ញត្តិ​ដែល​ចែង​ថា គ្មាន​ក្លឹ​ប​ណាមួយ​ក្នុង​ការ​ប្រកួត UEFA អាច​មាន​អំណាច​នៅ​ក្នុង​ការ​គ្រប់គ្រង ឬ​ទិញ​ភាគហ៊ុន​របស់​ក្លឹ​ប​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ការ​ប្រកួត UEFA ។

UEFA ធ្លាប់​បាន​ស៊ើបអង្កេត​ទំនាក់ទំនង​រវាង RB Leipzig និង Red Bull Salzburg ក្នុង​ឆ្នាំ 2017 នៅ​ពេល​ដែល​ក្លឹ​ប​ទាំង​ពីរ​ត្រូវ​ប្រកួត​ក្នុង Champions League​។ យ៉ាងណាមិញ ទីបំផុត​សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប បាន​សម្រេច​ថា ក្លឹ​ប​ទាំង​ពីរ​មាន​សិទ្ធ​ក្នុង​ការ​ចូលរួម​ប្រកួត ហើយ​ពួក​គេ​ថែម​ទាំង​បាន​ជួប​គ្នា​ក្នុង​វគ្គ​ចែក​ពូ​ល Europa League 2018/19​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា INEOS មិន​មាន​បំណង​បោះបង់ Nice ហើយ​មិន​ខ្វល់ខ្វាយ​អំពី​បញ្ហា​ដែល​អាច​កើត​មាន​ជាមួយ UEFA នៅ​ពេល​ដែល​ទិញ​បាន​ភាគហ៊ុន Manchester United ជា​ផ្លូវការ​។ INEOS បាន​ទាក់ទង​ជាមួយ​មន្ត្រី UEFA រួច​ហើយ ហើយ​មានការ​ធានា​ថា នឹង​មិន​មាន​បញ្ហា​ធំ​ណាមួយ​កើតឡើង​ទៀត​ទេ​៕