ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កំពុងតស៊ូមតិផ្លូវច្បាប់ ក្នុងការស្នើសុំកីឡាករ Privat Mbarga ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីចុះបញ្ជីកីឡាកររូបនេះ សម្រាប់ចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា តបតាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរ ក្នុងការតាំងចិត្តចង់ចូលសញ្ជាតិ ដើម្បីចូលរួមលេងឱ្យក្រុមជម្រើសជាតិកម្ពុជា។ សហព័ន្ធបានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលបានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ទៀតថា ក្នុងអំឡុងការកោះហៅកីឡាករបោះជំរំហ្វឹកហាត់ត្រៀមលេងពានរង្វាន់បាល់ទាត់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងឱ្យកម្ពុជាបាននោះទេ។ នៅក្នុងការឆ្លើយតបទៅបញ្ហានេះ FFC បានជួលមេធាវី ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នមេធាវីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួល កំពុងតស៊ូមតិជាមួយ FIFA ដោយកំពុងធ្វើការងារក្នុងករណីនេះ។
គួរបញ្ជាក់ថា កីឡាករជនជាតិកាម៉េរូនវ័យ៣១ឆ្នាំរូបនេះធ្លាប់លេងឱ្យក្លិបចំនួន៦នៃក្របខណ្ឌលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មកដល់ឆ្នាំ២០២១ ដូចជាក្លឹបកីឡាបាល់ទាត់បឹងកេត ឆ្នាំ២០១៣, វេស្ទឺនភ្នំពេញ ឆ្នាំ២០១៤,
អង្គរថាយហ្គឺរ ឆ្នាំ២០១៥, ណាហ្គាវើល ឆ្នាំ២០១៦-២០១៧, អាស៊ីអឺរ៉ុបយូណាយធីត ឆ្នាំ២០១៨-២០១៩ និងលេងឱ្យក្លឹបព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩-២០២១ និងឆ្នាំ២០២១ដល់បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Bali United នៃលីគកំពូលឥណ្ឌូណេស៊ី។ Privat Mbarga គឺជាកីឡាករបរទេសចូលសញ្ជាតិខ្មែរទី២ បន្ទាប់ពីកីឡាករជនជាតិដើមជប៉ុន យូដៃ អូហ្គាវ៉ា (Yudai Ogawa) កំពុងលេងឱ្យក្លឹបភ្នំពេញក្រោនបានលះបង់សញ្ជាតិដើម និងបានចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។ កីឡាករ យូដៃ អូហ្គាវ៉ា កំពុងលេងឱ្យក្លិបភ្នំពេញក្រោននៃក្របខណ្ឌលីគកំពូលកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាកីឡាករខ្មែរជាផ្លូវការ៕
ប្រភព៖ AKP