កំពត៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទ ក្រហមកម្ពុជា ចុះសួរសុខទុក្ខដល់គេហដ្ឋាន ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលស្ថិតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីសម្តេចប្រធាន បានទទួលដំណឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃជំងឺចាស់បាន រើឡើងវិញ។
ក្នុងឱកាសចុះសួរសុខទុក្ខលោកតា កាលពីថ្ងៃទី០៩ ខែវិច្ឆិកានោះឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងសូមថែរក្សាសុខភាព និងសូមទៅពិនិត្យ សុខភាពនៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារ ប្រសិនព្រឹទ្ធាចារ្យមានមិនស្រួលត្រូវរួសរាន់បញ្ជូន ព្រឹទ្ធាចារ្យទៅមន្ទីរភ្នំពេញឱ្យបានឆាប់បំផុត។
ជាមួយគ្នានេះ ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងក្រុមគ្រួសារ សូមថ្លែង អំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែ យកចិត្តទុកដាក់ដល់ក្រុមគ្រួសារយើងខ្ញុំ និងសូមជូនពរសម្ដេចឱ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជូន លោកតា គង់ ណៃ នូវ ទឹកត្រចៀកកាំ ស្ករស ទឹកដោះគោ និងថវិកា១០លានរៀល៕
ប្រភព៖ AKP