បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ANSA បានអោយដឹងថាកីឡាករ ២រូបរបស់ជម្រើសជាតិអ៊ីតាលីត្រូវបានប៉ូលីសួរនាំការពីថ្ងៃព្រហស្បត្តិ៍ ពាក់ព័ន្ធនឹងការបំពានលើការភ្នាល់។ ក្នុងនោះខ្សែបម្រើ Nicolo Fagiolo របស់ក្លឹប Juventus ក៏ត្រូវបានធ្វើការស៊ើបអង្កេតផងដែរសម្រាប់ការភ្នាល់លើទម្រង់ខុសច្បាប់មួយ។
FIGC បានបញ្ជាក់ថាកីឡាករទាំង ២នាក់ ត្រូវបានចាកចេញមុនការប្រកួតជម្រុះ Euro 2024 ជាមួយនឹងក្រុម Malta និងអង់គ្លេស។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ FIGC បានអោយដឹងថា “សហព័ន្ធប្រកាសនៅរសៀលថ្ងៃព្រហស្បត្តិ៍ថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃទីក្រុង Turin បានជូនដំណឹងអំពីសកម្មភាពស៊ើបអង្កេតដល់កីឡាករបាល់ទាត់ Sandro Tonali និង Nicolò Zaniolo ដែលបច្ចុប្បន្នកំពុងជួបជាមួយក្រុមជម្រើសជាតិនៅមជ្ឈមណ្ឌលបច្ចេកទេសសហព័ន្ធនៃ Coverciano។
ដោយមិនគិតអំពិការចោទប្រកាន់នេះ ពួកយើងជឿជាក់ថានៅក្នុងស្ថានភាពនេះ កីឡាករមិនមានលក្ខខណ្ឌចាំបាច់ក្នុងការចូលរួមប្រកួតនៅថ្ងៃបន្ទាប់នោះទេ។ ដូច្នេះសហព័ន្ធបានសម្រេចចិត្តអោយពួកគេធ្វើការត្រលប់ទៅកាន់ក្លឹបរបួសខ្លួនវិញ”។
នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Corona បានអោយដឹងអ្នកទាំង២ ត្រូវបានចោទប្រកាន់ទាក់ទងនឹងនឹងការបំពានទៅលើច្បាប់ក្នុងការភ្នាល់។ ជាឧទាហរណ៍មួយ កីឡាករ Zaniolo បានធ្វើការភ្នាក់ទៅលើក្លឹប Roma សម្រាប់ការប្រកួត Coppa Italia ខណៈពេលដែលគាត់ក៏ជាកីឡាករម្នាក់ស្ថិតនៅក្នុងការប្រកួតមួយនោះផងដែរ។
បើទោះបីជាកីឡាករទាង ២នាក់ បានចាកចេញពី Serie A ទៅកាន់ Premier League ក៏ដោយ ប្រសិនជាក្នុងករណីដែលបានរកឃើញថាមានកំហុសមែននោះ ការដាក់បម្រាមនឹងអាចធ្វើឡើងបន្តសម្រាប់ការប្រកួតពាក់ព័ន្ធរបស់ UEFA និង FIFA។
ឥលូវនេះកីឡាករទាំង ២នាក់បានវិលត្រលប់មកកាន់ក្លឹបរបស់ខ្លួនវិញហើយ ខណៈពេលការស៊ើបអង្កេតនៅតែធ្វើបន្តទៀត៕