កីឡាករ​សំខាន់​ម្នាក់​របស់ Arsenal មាន​បញ្ហា​របួស​ក្នុង​កំឡុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Everton

0

លោក Mikel Arteta គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal បាន​បង្ហើប​ថា Gabriel Martinelli បាន​រង​របួស​សរសៃពួរ ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Everton ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​បង្ហាញខ្លួន​ត្រឹមតែ 24 នាទី​នៅ​ក្នុង​ការ​ប្រកួត​ហើយ​ត្រូវ​បាន​ប្ដូរ​ចេញពី​ទីលាន​។ Martinelli ត្រូវ​បាន​ជំនួស​ដោយ Leandro Trossard ដោយ​កីឡា​ករបែល​ហ្ស៊ិ​ក​រូប​នេះ រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​សម្រាប់​ក្រុម​កាំភ្លើង​ធំ​។

លោក Mikel Arteta បាន​ប្រាប់ Sky Sports នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​ស្ថានភាព​របស់ Martinelli ថា​៖ «​គាត់​មាន​អារម្មណ៍​ថា គាត់​មាន​បញ្ហា​សរសៃពួរ ដូច្នេះ​គាត់​កំពុង​រង​ចាំ​ការ​ពិនិត្យ និង​វាយតម្លៃ »​។

គាត់​បាន​បន្ថែម​ទៅ​កាន់ BBC Sport ថា​៖ «​យើង​ត្រូវ​បន្ត​ស្វែងរក​កីឡាករ​ដើម្បី​ជំនួស​គាត់ ។ គាត់​ពិតជា​សំខាន់​សម្រាប់​ក្រុម​ទាំងមូល យើង​មិនដឹង​ទេ​ថា​ស្ថានភាព​របួស​គាត់​បែប​ណា​»​។

គួ​បញ្ជាក់​ផង​ដែរ Arsenal នៅ​តែ​មិន​ស្គាល់​ចាញ់​សោះ​តាម​រយៈ​ការ​ប្រកួត Premier League ចំនួន 5 ដង​ក្នុង​រដូវ​កាល 2023-24 ដោយ​ក្រុម​ជើងឯក​រង​រដូវ​កាល​មុន​ទទួល​បាន 13 ពិន្ទុ ដែល​អាច​ឈរ​នៅ​លេខ 4 ក្នុង​តារាង​៕