ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ

0

ពោធិ៍សាត់៖ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកម៉ូតូបត់ឆ្លងផ្លូវ​ នៅលេីផ្លូវក្រាលកៅស៊ូ​ ចំណុចមុខផ្ទះឈ្មោះ​ ទុំ​ ភី​ន​ ស្ថិតនៅ​ភូមិដំណាក់ធ្នង់​ ឃុំខ្នារទទឹង​ ស្រុកបាកាន​ កាលពីថ្ងៃអាទិត្យ​៣កេីត​ ខែភទ្របទ​ ឆ្នាំថោះ​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១២និង៤៥​នាទី​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានម៉ូតូ០១ គ្រឿងម៉ាកវ៉េវ ពណ៌ទឹកសណ្តែកស៊េរីឆ្នាំ២០១៩​ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថា ពុទ្ធី ភេទប្រុស​ អាយុ២៩ឆ្នាំ​ រស់នៅភូមិកំប្រាក់កូន​ ឃុំខ្នារទទឹង​ មិនពាក់មួកសុវត្ថិភាព(រងរបួសធ្ងន់)​ធ្វើដំណើរពីត្បូងទៅជើង​ លុះមកដល់ចំណុចកេីតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូម៉ាក់វេវ​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២២​ ពាក់ស្លាកលេខពោធិ៍សាត់​1N​-8030​ បើកបរដោយឈ្មោះ ទុំ ភីន ភេទស្រីអាយុ៥៨ឆ្នាំ មានទីលំនៅភូមិដំណាក់ធ្នង់​ ឃុំខ្នារទទឹង​ ស្រុកបាកាន​ មិនពាក់មួកសុវត្ថិភាព​ ជិះបត់ឆ្លងផ្លូវពីកើតទៅត្បូងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ​ និង​អ្នករួមដំណើរឈ្មោះ ជាតិ ជេម ភេទប្រុសអាយុ០៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(គ្មានរបួស)ចំពោះអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។រីឯសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​។

ចំពោះវត្ថុតាងម៉ូតូចំនួន០២គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង រង់ចាំការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ