បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Chelsea និង Real Madrid បានទទួលជោគជ័យទៅលើកិច្ចសន្យា នៃការខ្ចីជើងអ្នកចាំទី Kepa Arrizabalaga។ ការផ្ទេរមួយនេះ កើតឡើងនៅពេលដែលអ្នកចាំទី Kepa បានច្រានចោលនៅសំណើរទៅចូលរួមជាមួយនឹង Bayern Munich ដោយជ្រើសរើសការត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ។
ក្នុងនោះ ក្លឹប Real Madrid បានបង្ខំក្នុងការស្វែងរកនៅអ្នកចាំទីថ្មីនៅលើទីផ្សារដោះដូរ បន្ទាប់ពីអ្នកចាំទីជម្រើសទី១ គឺ Courtois បានជួបនឹងរបួស ACL មុនបើករដូវកាលថ្មី។ របួសមួយនេះ បានធ្វើអោយកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ នឹងអាចត្រូវសម្រាក់ពេញមួយរដូវកាល។
សម្រាប់លោក Carlo Ancelotti គឺមានតែអ្នកចាំទី Lunin ដែលមិនសូវមានបទពិសោធន៍តែម្នាក់ប៉ុន្មាននៅក្នុងបញ្ជីរបស់ខ្លួន ដែលធ្វើអោយគាត់ទាមទារស្វែងរកនៅកីឡាករម្នាក់ទៀតសម្រាប់ពេញមួយរដូវកាលនេះ។
គួរបញ្ជាក់ថា Kepa បានជួបនឹងបញ្ហានៅក្លឹប Chelsea ដែលធ្វើអោយគាត់កាត់បន្ថយនៅតួនាទីរបស់ក្នុងក្រុម។ អតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Athletic ម្នាក់នេះ បានមកចូលរួមជាមួយនឹងក្លឹប Chelsea នៅក្នុងតម្លៃប្រមាណ ៨០លានអឺរ៉ូ ដែលបានធ្វើអោយគាត់ក្លាយជាអ្នកចាំទីដែលមានតម្លៃខ្ពស់ជាងគេ។ គាត់ក៏បានឈ្នះនៅពានរង្វាន់ Champions League និង Europa League ជាមួយនឹងក្លឹប ដែលមានមូលស្ថាននៅទីក្រុងឡុងដ៏មួយនេះផងដែរ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ នឹងមិនបង្ហាញខ្លួនអោយក្លឹប Chelsea នៅថ្ងៃប្រកួតបើករដូវកាលជាមួយក្លឹប Liverpool នោះទេ ដោយសារតែគាត់រង់ចាំការផ្ទេរទៅកាន់ក្លឹប Real Madrid៕