Pep Guardiola បកស្រាយ​អំពី​អនាគត​របស់ Joao Cancelo ជាមួយ Man City

0

Joao Cancelo បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម Manchester City សម្រាប់​ការ​ប្រកួត​មុន​បើក​រដូវ​កាល​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន​ទៅ​កាន់​ក្រុម Bayern Munich ។

Cancelo បាន​ធ្លាក់​ចេញពី​ការ​ពេញចិត្ត​នៅ​ក្រុម​មេឃ​ខៀវ​កាលពី​រដូវ​កាល​មុន ហើយ​បាន​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់ Bayern Munich នៅ​ចុងបញ្ចប់​នៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​។

Man City បាន​ឈ្នះ​ពានរង្វាន់​បី​ដោយ​គ្មាន Cancelo ដោយ​ប្រើ​ប្រព័ន្ធ​លេង​ដោយ​គ្មាន​ខ្សែការពារ​ស្លាប ។ បន្ទាប់​ពី​បាន​បង្ហាញខ្លួន​សម្រាប់​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង Bayern ក៏​បាន​បដិសេធ​ឱកាស​ក្នុង​ការ​ចុះហត្ថលេខា​លើ Cancelo ជា​អចិន្ត្រៃយ៍ ហើយ​គាត់​បាន​ត្រលប់​មក​វិញ​សម្រាប់​ការ​ហ្វឹកហាត់​មុន​បើក​រដូវ​កាល ប៉ុន្តែ​នៅ​តែ​មានការ​សង្ស័យ​អំពី​អនាគត​របស់​គាត់​។

ថ្លែង​នៅ​មុន​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ដំបូង​របស់ Man City ជាមួយ Yokohama F Marinoa លោក Guardiola ត្រូវ​បាន​សួរ​អំពី​អនាគត​របស់ Cancelo ហើយ​គាត់​បាន​បញ្ជាក់​ថា កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​តែ​ជា​ផ្នែក​នៃ​ផែនការ​របស់​គាត់​។

លោក​បាន​បន្ត​និយាយ​ថា «​គាត់​នៅ​ទី​នេះ​។ Joao មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួក​យើង​កាលពី​ពេល​កន្លង​មក​។ គាត់​ត្រលប់​មក​ទី​នេះ​វិញ ហើយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​។ អ្នក​ទាំងអស់​គ្នា​នឹង​ឃើញ​មាន​អ្វី​ប្លែក​កើតឡើង​នៅ​រដូវ​កាល​ក្រោយ​»​។

ហើយ​ចម្លើយ​មួយទៀត​លោក Guardiola បាន​និយាយ​ថា «​ខ្ញុំ​មិន​អាច​ឆ្លើយ​អំពី​អនាគត​របស់​កីឡាករ​មួយ​ចំនួន​បាន​ទេ ព្រោះ​រឿង​ខ្លះ​យើង​មិន​អាច​កំណត់​បាន​នោះ​ទេ​»៕