ចុងបញ្ចប់នៃរដូវកាលនេះកាន់តែខិតជិតមកដល់ ហើយក្តីសង្ឃឹមរបស់អារ៉ាប់បីសាអូឌីត ក្នុងការនាំយកកីឡាករ Lionel Messi មកកាន់ទឹកដីរបស់ខ្លូនក៏ហាក់មានពន្លឺកាន់តែខ្លាំងឡើងក្នុងរយះពេលចុងក្រោយនេះ។
ដោយថ្នាក់ដឹកនាំកីឡាអារ៉ាប់មានទំនុកចិត្តកាន់តែខ្លាំងឡើងថា តារាបាល់ទាត់អាហ្សង់ទីន នឹងអាចលេងលីគបាល់ទាត់របស់ពួកគេក្នុងពេលឆាប់ៗនេះ។
Messi និងឪពុករបស់គាត់បានទទូចថា គ្មានការសម្រេចចិត្តណាមួយបានធ្វើឡើងទេ ចំពោះអនាគតរបស់អ្នកឈ្នះពាន World Cup រហូតដល់ចុងបញ្ចប់នៃរដូវកាល ប៉ុន្តែរឿងមួយដែលប្រាកដនោះគឺ Messi នឹងចាកចេញពីប្រទេសបារាំងនៅរដូវក្ដៅនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅប្រទេសអារ៉ាប៊ីសាអូឌីត ពួកគេហាក់ដូចជាប្រាកដថាក្លឹបបន្ទាប់របស់ Messi គឺ Al Hilal បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្លឹបនៅអារ៉ាប៊ីសាអូឌីត គឺចង់អោយមានការប្រកួតរវាង Messi-CR7 ឡើងវិញក្នុងលីគកំពូល Saudi Pro League ដោយ Cristiano Ronaldo បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Al Nassr។
របាយការណ៍ពី Riyad បានបង្ហាញថា Messi នឹងទទួលបានកិច្ចសន្យាប្រាក់ពលកម្មច្រើនជាង Ronaldo ដែលមានតម្លៃជាង 300 លានអឺរ៉ូ។ ក្នុងនោះក៏មានពាក្យចចាមអារ៉ាមថា ក្លឹបអារ៉ាប៊ីសាអូឌីតនឹងនាំយកកីឡាករល្បីៗមួយចំនួនទៀតពីប្រទេសអេស្ប៉ាញផងដែរក្នុងរដូវក្តៅនេះ ដែលមានដូចជា Sergio Busquets, Jordi Alba, Nacho, Karim Benzema និងសូម្បីតែ Alvaro Morata ក៏ស្ថិតក្នុងបញ្ជីផ្ទេរ។
តែទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ Messi ដែលជាភ្នាក់ងារផ្ទាល់ផងនោះ ហាក់ដូចជាមិនប្រញាប់ប្រញាល់ក្នុងការបញ្ជាក់អំពីរឿងនេះទេ។ ទន្ទឹមនឹងនេះដែរ Barcelona នៅតែស្ថិតក្នុងដំណើរការប្រជែង ដើម្បីធ្វើកិច្ចព្រមព្រៀងសម្រាប់អតីតកីឡាករម្ចាស់អាវលេខ 10 របស់ពួកគេ ប៉ុន្តែ Barcelona ត្រូវការការយល់ព្រមពី LaLiga ជាមុនសិន មុននឹងពួកគេអាចប្រាកដថានឹងធ្វើការផ្តល់ជូនជាក់លាក់។
Barcelona បានដឹងច្បាស់ថា ពួកគេមិនអាចប្រកួតប្រជែងទឹកប្រាក់ជាមួយនឹងអារ៉ាប៊ីសាអូឌីតបានទេ ប៉ុន្តែពួកគេនៅតែមានជំនឿរចិត្តក្នុងការខំប្រឹងប្រែដើម្បីយក Lionel Messi មកកាន់ទឹកដី Camp Nou វិញ៕