យោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្បាញបានអោយដឹងថា ម្ចាស់ជើងម្ចាស់ជើងឯក World Cup 2022 ម្នាក់មានបំណងប្រាថ្នាផ្លាស់មកចូលរួមជា Barca យូរមកហើយ។
ក្នុងពេលនេះក្ដីស្រម៉ៃរបស់គាត់ជិតក្លាយជាការពិតហើយ បន្ទាប់ពីគាត់ប្រកាសថាគាត់នឹងចាកចេញពី Juventus ដោយសារកីឡាកររូបនេះបានផុតកុងត្រា ហើយគាត់នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ នោះគឺកីឡាករ Angel di Maria។
Angel di Maria គឺជាកីឡាករអាហ្សង់ទីនម្នាក់ដែលមានទេពកោសល្យ ទាំងបច្ចេកទេសគ្រប់គ្រងបាល់ ការបញ្ជូលបាល់អោយមិត្តរួមក្រុម រួមទាំងបច្ចេកទេសបញ្ចប់ទីដ៏គួរអោយស្ញើចសរសើរ គាត់បានរួមចំណែកក្នុងការជួយអាហ្សង់ទីនឈ្នះពាន Copa América ក្នុងឆ្នាំ 2021 នឹងឈ្នះពាន World Cup នៅក្នុងឆ្នាំ 2022។
គួររំលឹកផងដែរទាំង Angel di Maria និង Lionel Messi សុទ្ធតែជាកីឡាករដែលគ្មានតម្លៃខ្លួនសម្រាប់រដូវក្ដៅនេះដូចគ្នា ហើយបើតាមកាសែត Relevo បានសនិដ្ឋានថាក្លឹប Barcelona នឹងនាំយកដៃគូរដ៏ល្អរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនមកកាន់ទឹកដី Camp Nou។
ប៉ុន្តែបញ្ហាសេដ្ឋកិច្ចនៅតែជាឧបសគ្គសម្រាប់ក្រុមអ្នកមានបុណ្យ ព្រោះតែប្រាក់ខែរបស់កីឡាករទាំងពីរូបនេះ។ យើងមិនទាន់អាចនិយាយបានថា ពួកគាត់អាចបានរួមអាជីពជាមួយគ្នាទេ បើទោះបីជារដូវកាលនេះ Barcelona បានកាត់បន្ថយការចំណាយរបស់ពួកគេយ៉ាងសន្ធឹកសន្ធាប់រួចហើយក៏ដោយ ក៏ក្លឹបត្រូវរងចាំការអនុម័តរបស់ Laliga សិន។
ដំណោះស្រាយមួយទៀតនោះ បើពួកគេមិននាំយក Messi មកវិញ ក្លឹបនឹងនៅសល់ការចំណាយយ៉ាងហោចណាស់ប្រហែល 230 លានអឺរ៉ូក្នុងមួយឆ្នាំដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យើងជឿជាក់ថាក្លឹបនឹងលក់កីឡាករមួយចំនួននៅរដូវក្ដៅនេះ ដើម្បីមានលទ្ធភាពក្នុងការនាំយកទាំង Angel di Maria និង Lionel Messi មកបង្កើនភាពខ្លាំងរបស់ក្លឹបឡើងវិញ៕