ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានលើកឡើងថា កម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីបន្ថែមទៀតទៅក្នុងចលនាកីឡាទាំងការគ្រប់គ្រង និងការដឹកនាំថ្មីក្រោយទទួលបានជោគជ័យលើព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣នេះ ហើយក៏នឹងត្រៀមសម្រាប់ការប្រកួតកីឡាអន្តរជាតិផ្សេងៗទៀត។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រោយពីចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពីការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ឯកឧត្ដម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នៅឆ្នាំក្រោយៗនេះ កម្ពុជា មានការប្រកួតកីឡាលំដាប់អន្តរជាតិច្រើនទៀតបន្ថែម ដូចជាកីឡា អូឡាំពិកហ្គេម អាស៊ានហ្គេម និងស៊ីហ្គេមផងដែរ។ ឯកឧត្ដមបានថ្លែងឱ្យដឹងថា៖ «ហើយយើងមានផែនការហើយ ហើយយើងនឹងធ្វើយុទ្ធសាស្ត្រ ដើម្បីធ្វើយ៉ាងណា នៅតែអាចរក្សាបាននូវកេរ្តិ៍ឈ្មោះរបស់យើងនៅលើឆាកអន្តរជាតិ ហើយនៅឆ្នាំ២០២៩ យើងនឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ដែលទាំងអស់នេះ ហើយនឹងអាចចូលរួមបន្តរក្សាបាននូវនិរន្តរភាពវិស័យកីឡារបស់យើងឱ្យរឹងមាំបន្ថែមទៀត»។
ឯកឧត្ដមអគ្គលេខាធិការបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ប្រភេទកីឡាអូឡាំពិកដែលលេចធ្លោជាងគេ គឺអត្តពលកម្ម និងហែលទឹក។ ក្នុងចំណោមប្រភេទកីឡាទាំងអស់ កីឡាអត្តពលកម្ម និងហែលទឹកគឺជាប្រភេទកីឡាគោល (Main sport) ដែលជាមូលដ្ឋានរបស់ប្រភេទកីឡាទាំងអស់។ ឯកឧត្ដមបានបន្ថែមថា៖ «ហើយកម្ពុជាទទួលបានមេដាយលើប្រភេទកីឡានេះ។ នេះសបញ្ជាក់ថា យើងឈានពីដំណាក់កាលនៃកីឡាតំបន់ ចូលទៅដល់ដំណាក់កាលនៃកីឡាអូឡាំពិក»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា