សៀមរាប៖ ការប្រកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាសាកង់គួក បុរស ដែលមានចម្ងាយផ្លូវ ១៥០,៦គីឡូម៉ែត្រ នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងតំបន់វង់ធំ ក្នុងខេត្តសៀមរាប ដែលបានចាប់ផ្ដើមដំណើរការ កាលពីវេលាម៉ោង៩ ព្រឹក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ចប់ដោយជោគជ័យ។ ការប្រកួតកង់គួកនេះ គឺ មានកីឡាករចូលរួម ចំនួន៣៨រូប មកពីប្រទេសចំនួន៨ រួមមាន ប្រទេសកម្ពុជា, វៀតណាម, ឡាវ, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, ឥណ្ឌូណេស៊ី និង ប្រទេសសិង្ហបុរី ។
ក្រោយពីការប្រកួតដ៏ស្វិតស្វាញអស់ជាច្រើនម៉ោងរួចមក ជាលទ្ធផលគឺ កីឡាករមកពីប្រទេសម៉ាឡេស៊ី ទទួលជ័យលាភី មេដាយមាស កីឡាករមកពីប្រទេសឥណ្ឌូណេស៊ី ទទួលជ័យលាភីមេដាយប្រាក់ និងកីឡាករមកពីប្រទេសហ្វីលីពីន ទទួលជ័យលាភី មេដាយសំរឹទ្ធ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាកង់គួកនេះ ធ្វើឡើងមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ហើយសម្រាប់ថ្ងៃទី១៣ ខែឧសភា ស្អែកនេះ គឺ ការប្រកួតកង់គួកនារី ប្រកួតក្នុងចម្ងាយផ្លូវ ១០០,៤គីឡូម៉ែត្រ ស្មើនឹង៤ជុំ នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង តំបន់វង់ធំ ក្នុងខេត្តសៀមរាប៕
ប្រភព៖ ក្រសួងព័ត៌មាន