បើយោងតាម Marca បានអោយដឹងថា ខ្សែបម្រើ Sergio Busquets របស់ក្លឹប Barcelona មានចេតនាចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់។
ប្រធានក្រុម Barca បាននិយាយថា គាត់នឹងប្រើពេលសម្រាកដ៏តូចមួយ ដើម្បីសម្រេចចិត្តថាតើត្រូវបន្តនៅក្លឹបឬចាកចេញ។ Busquets បានស្នើរសុំចាកចេញតាំងពីរដូវកាលមុន ប៉ុន្តែក្លឹបបានព្យាយាមរក្សាគាត់ឱ្យនៅបន្តជាមួយក្លឹបរយៈពេលមួយឆ្នាំទៀត។
ខ្សែបម្រើការពារជើងចាស់រូបនេះបានដាក់សំណើម្ដងទៀត ប៉ុន្តែក្លឹបបានអោយគាត់រងចាំ។ Barcelona នឹងប្រកាសការសម្រេចចិត្តរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបអាចនឹងប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ ឬបន្តរង់ចាំរហូតដល់ Barca ឈ្នះពាន La Liga ។ ពួកគេឈរកំពូលតារាងដោយមាន ១៣ ពិន្ទុលើក្រុមលេខ២ Atletico Madrid ហើយអាចនឹងលើកពាននៅពេលដែលអាចយកឈ្នះ Espanyol នៅថ្ងៃអាទិត្យ។
Barca ច្បាស់ណាស់ថានឹងបាត់បង់កីឡាករមួយរូប ដែលជាអ្នកចែកបាល់ដ៏ល្អ និងជារនាំងដ៏រឹងមាំរបស់ក្លឹប។ Busquets គឺជាកីឡាករដែលល្អបំផុតនៅតំបន់កណ្ដាលទាំងបីរបស់ Barcelona ជាមួយនឹង Xavi Hernandez និង Andres Iniesta ។
កីឡាករវ័យ 34 ឆ្នាំរូបនេះបានបង្ហាញខ្លួន 719 ប្រកួតអោយ Barcelona ដោយស៊ុតបញ្ចូលទីបាន 18 គ្រាប់ និង assist 45 ដង។ គាត់បានឈ្នះពានរង្វាន់ចំនួន 32 សម្រាប់ក្លឹបកុមារភាពរបស់គាត់ រួមទាំងពានរង្វាន់លីកចំនួន 8 លើក និងពានរង្វាន់ Champions League ចំនួន 3 លើក។ គាត់គឺជាកីឡាករជម្រើសជាតិអេស្ប៉ាញ ដែលបាននាំភាពជោគជ័យទៅកាន់ឆាកពិភពលោក ដោយគាត់បានឈ្នះជើងឯកអឺរ៉ុបឆ្នាំ 2012 និង World Cup ឆ្នាំ 2010 ។
បន្ទាប់ពីចាកចេញពី Barcelona វាមិនច្បាស់ថា Busquets នឹងទៅណាទេ ។ ប៉ុន្តែមានរបាយការណ៍មួយចំនួនបានអោយដឹងថាក្រុម Inter Miami របស់ Major League Soccer បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគាត់។ ចំណែកក្លឹប Al Hilal របស់ Saudi Pro League ក៏ចង់បានគាត់ដែរ។ លើសពីនេះក្លឹបទាំងពីរចង់នាំយក Busquets និងមិត្តចាស់ Lionel Messi ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនកំពុងតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់៕