គ្រូបង្វឹក​អា​ហ្ស​ង់​ទី​ព្រលះ​ក្រុម PSG យ៉ាង​ចាស់ដៃ

0

គ្រូបង្វឹក​អា​ហ្ស​ង់​ទី​ន​លោក Antonio Mohamed បាន​បើក​ការ​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ក្លឹ​ប Paris Saint-Germain សម្រាប់​បញ្ហា​របស់ Lionel Messi ។

Messi បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ដំណើរ​ទៅ​តំបន់​មជ្ឈិមបូព៌ា ដោយ​គ្មាន​ការ​អនុញ្ញាត ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រុម​យក្ស Ligue 1 ចាញ់ Lorient វា​មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​ក្រុម PSG​។

Paris Saint-Germain បាន​សម្រេចចិត្ត​ចាត់វិធានការ​ប្រឆាំង​នឹង​ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំពីរ​សម័យ ដោយ​ព្យួរ​ការ​ប្រកួត​របស់​គាត់​រយៈពេល​ពី​រស​ប្តា​ហ៍​។ Messi ត្រូវ​បាន​ហាមប្រាម​ពី​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម សម្រាប់​រយៈពេល​នៃ​ការ​ព្យួរការងារ​នេះ ហើយនឹង​មិន​ត្រូវ​ទទួល​បាន​ប្រាក់​ពលកម្ម​ក្នុងអំឡុងពេល​នេះ​ផង​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ Mohamed បាន​ខឹងសម្បារ​នឹង​របៀប​ដែល PSG បាន​ប្រព្រឹត្ត​ចំពោះ Messi ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដោយ​លោក​បាន​និយាយ​ថា​៖ «​វា​ជា​ការ​ខ្វះ​ការ​គោរព​សម្រាប់ Lionel Messi​។ មនុស្ស​ចិត្តចង្អៀត​ទាំងនេះ ដែល​មិន​ធ្លាប់​ឈ្នះ​អ្វី​ទាំងអស់ នឹង​មិន​ឈ្នះ​ទេ បើ​ទោះបីជា​ពួក​គេ​ទិញ​ទួ​អេ​ហ្វេ​ល ហើយ​ដាក់​វា​នៅ​មុខ​ក្លោ​ង​ទ្វារ​ក៏​ដោយ​។ វា​គឺជា​ការ​ខ្វះ​ការ​គោរព​ទាំងស្រុង​»​។

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​បន្ថែម​ថា​៖ «​អនុញ្ញាត​ឱ្យ Lionel Messi ជ្រើសរើស​ទិស​ដៅ​ដែល​គាត់​អាច​រីករាយ​។ ខ្ញុំ​គិត​ថា​នោះ​ជា​រឿង​ល្អ​បំផុត​សម្រាប់​គាត់ និង​សម្រាប់​បាល់ទាត់​។ នេះ​ជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​ចង់បាន គឺ​ចង់​ឃើញ​គាត់​សប្បាយចិត្ត​នៅ​លើ​ទីលាន​។ គាត់​មើលទៅ​មិន​សប្បាយចិត្ត​នៅ PSG ទេ​»៕