អ្នកចាត់ការក្លឹប Barcelona លោក Xavi បានប្រៀបធៀប Lamine Yamal ដែលមានអាយុ 15 ឆ្នាំទៅនឹង Lionel Messi បន្ទាប់ពីគាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបយក្សកាតាឡាន។
Yamal បានចូលលេងជាកីឡាករបម្រុងហើយក្លាយជាកីឡាករក្មេងបំផុតមិនធ្លាប់មានរបស់ Barcelona ហើយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 5 នាក់ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ La Liga មុនអាយុ 16 ឆ្នាំ។
ដូចដែលបានដកស្រង់ដោយ ESPN បានអោយដឹងថា Xavi បាននិយាយបន្ទាប់ពីការឈ្នះថា៖ «ខ្ញុំបានប្រាប់គាត់ឱ្យសាកល្បងនូវអ្វីដែលថ្មី ហើយគាត់ពិតជាអាចធ្វើបាន។ នៅអាយុ 15 ឆ្នាំយើងស្រមៃមើលគាត់នៅក្មេងណាស់ … គាត់ពិតជាអស្ចារ្យហើយគាត់មានឱកាសក្នុងការគ្រាប់បាល់សម្រាប់ការប្រកួតដំបូងទល់នឹង Betis ប៉ុន្តែត្រូវសង្គ្រោះដោយអ្នកចាំទី Rui Silva។
«គាត់បានលេងដោយមានទំនុកចិត្ត ហើយគាត់បានបង្ហាញពីអ្វីដែលគាត់មាន។ គាត់គ្មានការភ័យខ្លាច និងមានទេពកោសល្យល្អ ។ ការបណ្ដើរបាល់របស់គាត់នឹងការបញ្ជូនបាល់អោយមិត្តរួមក្រុមគឺពិតជាល្អណាស់»។
នៅពេលសួរថាតើគាត់អាចប្រៀបធៀបជាមួយ Messi និង Ansu Fati បានទេ Xavi បានបន្ថែមថា៖ «គាត់ជាកីឡាករស្រដៀងគ្នា ពីព្រោះគាត់មានទេពកោសល្យពីកំណើត កីឡាករប្រភេទគាត់គឺពិបាករកណាស់»។
«Lamine ហាក់ដូចជាមិនមែនជាក្មេងអាយុ 15 ឆ្នាំទេ គាត់មានភាពចាស់ទុំណាស់។ គាត់ត្រៀមខ្លួនសម្រាប់ការប្រកួត ហើយគាត់កំពុងហ្វឹកហាត់យ៉ាងល្អ។ អនាគតរបស់គាត់អាចក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុមនេះ»។
Yamal បានផ្លាស់ប្តូរចូលត្រឹមតែប៉ុន្មាននាទីចុងក្រោយប៉ុណ្ណោះ ដោយ Barca បាននាំមុខ 4-0 រួចហើយ។ ដូច្នេះ Xavi មានចិត្តចង់ផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងរបស់គាត់ បង្ហាញសមត្ថភាពព្រោះក្រុមរបស់គាត់បច្ចុប្បន្នមាន 11 ពិន្ទុដាច់ពីក្រុមលេខ 2 Real Madrid នៅក្នុងក្របខណ្ឌ La Liga៕