អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ២០៩៥នាក់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

0

ភ្នំពេញ៖ អ្នកសារព័ត៌មានសរុបចំនួន ២,០៩៥នាក់ ក្នុងនោះអ្នកសារព័ត៌មានជាតិចំនួន ១,១៨៨នាក់ និងអ្នកសារព័ត៌មានបរទេសចំនួន ៩០៧នាក់ ត្រូវបានចុះឈ្មោះ និងទទួលបានបណ្ណព័ត៌មានជាផ្លូវការ ដើម្បីត្រៀមចូលរួមផ្សព្វផ្សាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC នៅក្នុងពិធីបើកឱ្យដំណើរការប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានកណ្ដាល-MPC (Main Press Center) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។

ឯកឧត្តម ផុស សុវណ្ណ គូសបញ្ជាក់ថា៖ «ក្នុងតួនាទីអ្នកសារព័ត៌មាន ជាភ្នែក ត្រចៀករបស់ពិភពលោក នៅក្នុងព្រឹត្តិការណ៍នេះ គឺចាំបាច់ជាទីបំផុត។ បងប្អូនអ្នកសារព័ត៌មានមានឱកាស ដើម្បីធ្វើជាសាក្សីក្នុងប្រវត្តិសាស្ត្រក្នុងការបង្កើត ហើយនឹងនាំប្រវត្តិសាស្ត្រនេះទៅមនុស្សរាប់លាននាក់ ជុំវិញពិភពលោក»។ បច្ចុប្បន្នភាពអំពីការងារព័ត៌មាន និងផ្សព្វផ្សាយ ដែលបានរៀបចំកន្លងមក គឺគណៈកម្មការបានចុះឈ្មោះ និងការផ្តល់បណ្ណអ្នកសារព័ត៌មាន ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រូវបានធ្វើឡើងជាពីររបៀប។ អ្នកសារព័ត៌មានក្នុងតំបន់អាស៊ាន ត្រូវចុះឈ្មោះតាមរយៈគណៈកម្មាធិការអូឡាំពិកនៅប្រទេសរៀងៗខ្លួន ហើយបានបញ្ជូនមកគណៈកម្មាធិការជាតិ CAMSOC។ ដោយឡែក សម្រាប់អ្នកសារព័ត៌មានក្នុងស្រុក ទីភ្នាក់ងារព័ត៌មានបរទេសមានការិយាល័យនៅកម្ពុជា និងអ្នកសារព័ត៌មានអន្តរជាតិរស់នៅក្រៅតំបន់អាស៊ាន ត្រូវចុះឈ្មោះតាមរយៈក្រសួងព័ត៌មាន។

ឯកឧត្តម ផុស សុវណ្ណ បានលើកឡើងទៀតថា ការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្ដាល មណ្ឌលព័ត៌មានតាមទីលានប្រកួត និងមជ្ឈមណ្ឌលផ្សាយអន្តរជាតិមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC)។ មជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) មានទីតាំងស្ថិតនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ និងអាចផ្ទុកអ្នកសារព័ត៌មានចំនួន ៥០០នាក់។ MPC មានផ្តល់ជូនកន្លែងធ្វើការងារ បន្ទប់សន្និសីទសារព័ត៌មាន កំព្យូទ័រ អ៊ិនធើណេត, WIFI, ស្គ្រីន LED និង មានផ្តល់ជូនអាហារសម្រន់។ MPC ចាប់បើកដំណើរការពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

មណ្ឌលព័ត៌មានតាមទីលានប្រកួត (SPC) ត្រូវបានរៀបចំសម្រាប់អ្នកសារព័ត៌មាន ប្រើប្រាស់ជាកន្លែងធ្វើការ និងរៀបចំសន្និសីទសារព័ត៌មាន SPC ផ្តល់ជូនសេវាកម្ម និងសម្ភារដូចមជ្ឈមណ្ឌលព័ត៌មានកណ្ដាលផងដែរ។ មជ្ឈមណ្ឌលផ្សាយអន្តរជាតិ (IBC) ត្រូវបានរៀបចំសម្រាប់ទទួលរូបភាព និងសំឡេងពីទីលានប្រកួត រួចបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្ននេះ មានទូរទស្សន៍អន្តរជាតិចំនួន៧ ដែលទទួលសិទ្ធិពីគណៈកម្មាធិការជាតិអូឡាំពិក (NOC) នៅប្រទេសរបស់គេ បានជួល Booth ដើម្បីទទួលការផ្សាយពី IBC ក្នុងនោះរួមមាន៖ RTM ម៉ាឡេស៊ី, T SPORT7 ថៃ, VTV HTV វៀតណាម, Media Corp សិង្ហបុរី, MNC TV ឥណ្ឌូណេស៊ី និង Cignal TV ហ្វីលីពីន។

«គណៈកម្មាធិការជាតិ CAMSOC បានផ្ដល់ជូនទូរទស្សន៍កីឡា CSTV ជាការីផ្សាយផ្លូវការនៃប្រភេទកីឡាចំនួន១១ និងបានផ្ដល់ជូនទូរទស្សន៍ជាតិ សមាគមទូរទស្សន៍ក្នុងប្រទេសជាការីផ្សាយ សម្រាប់កីឡាចំនួន ១០ប្រភេទ។ ការីផ្សាយផ្លូវការជាអ្នកទទួលខុសត្រូវក្នុងការថត និងផលិតសម្រាប់កម្មវិធីទូរទស្សន៍ ដើម្បីផ្សាយផ្ទាល់។ សម្រាប់ប្រភេទកីឡាដែលមិនបានផលិត និងផ្សាយផ្ទាល់នឹងត្រូវថតផ្សាយជាលក្ខណៈព័ត៌មាន និងហាយឡាយការីថតរូបផ្លូវការ (Host Photographer) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) គឺជាការីថតផ្លូវការ Host Photographer) នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ អ្នកសារព័ត៌មាន អាចទាញយករូបថត ដើម្បីប្រើប្រាស់ដោយមិនគិតថ្លៃ»។ ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់បន្ថែម។

បន្ថែមពីនេះ ឯកឧត្តមប្រធានគណៈកម្មការជំនាញរូបនេះ បញ្ជាក់ទៀតថា ចំពោះមធ្យោបាយដឹកជញ្ជូន អ្នកសារព័ត៌មានអាចជិះរថយន្តក្រុង ដែលបានផ្តល់ជូន ដោយមិនគិតថ្លៃ ដោយគ្រាន់តែបង្ហាញបណ្ណសារព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅពេលដែលព្រឹត្តិការណ៍ស៊ីហ្គេម ខិតជិតមកដល់ មានការបង្កើតនូវគណនីជាច្រើនតាមបណ្ដាញសង្គម ដែលប្រើប្រាស់ឈ្មោះស្រដៀងគណនីផ្លូវការរបស់ CAMSOC ដែលជាមូលហេតុធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។ ទន្ទឹមនេះ សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិត និងរួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ។

ជាចុងក្រោយក្រោយ ឯកឧត្តម ផុស សុវណ្ណ ធានាចំពោះបងប្អូនអ្នកសារព័ត៌មានថា គណៈកម្មការជំនាញមួយនេះមានការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រអ្នកសារព័ត៌មានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន និងធានាថា បងប្អូនមានសិទ្ធិចូលប្រើប្រាស់ធនធានទាំងអស់ ដែលអ្នកសារព័ត៌មានត្រូវការ ដើម្បីបំពេញការងារ ហើយសន្តិសុខ និងសុវត្ថិភាពរបស់បងប្អូន គឺជាអាទិភាពចម្បងរបស់គណៈកម្មការជំនាញ៕

ប្រភព៖ Cambodia 2023