បរទេស៖ នេះបើយោងតាមសារព័ត៌មាន CNA លោក Pele ជាកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល ដែលបានងើបចេញពីភាពក្រីក្រ ដើម្បីក្លាយជាអត្តពលិកដ៏អស្ចារ្យនិងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូនេះ (ម៉ោងក្នុងតំបន់) ក្នុងអាយុ ៨២ឆ្នាំ។
មន្ទីរពេទ្យ Albert Einstein នៃរដ្ឋ Sao Paulo ជាកន្លែងដែលលោក Pele បានទទួលការព្យាបាលជំងឺ បាននិយាយថា គាត់បានស្លាប់នៅវេលាម៉ោង ៣និង២៧នាទីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារតែការខូចខាតសរីរាង្គ ដែលបណ្តាលមកពីការវិវត្តនៃជំងឺមហារីកពោះវៀនធំ ដែលទាក់ទងនឹងស្ថានភាពសុខភាពពីមុនរបស់គាត់។ Pele បានទទួលការព្យាបាលដោយគីមីចាប់តាំងពីគាត់បានយកដុំសាច់ចេញពីពោះវៀនធំក្នុងខែកញ្ញា ឆ្នាំ 2021។
ជាមួយគ្នានេះ ប្រធានាធិបតីប្រេស៊ីល លោក ចែរ បូលសូណារ៉ូ ដែលចេញពីតំណែងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pele គឺជា “ពលរដ្ឋដ៏អស្ចារ្យ និងជាអ្នកស្នេហាជាតិមួយរូប ដែលបានលើកស្ទួយកេត្តិ៍ឈ្មោះប្រទេសប្រេស៊ីលគ្រប់ទីកន្លែងដែលគាត់បានទៅ៕
ប្រភព៖ ក្រសួងព័ត៌មាន