បរទេស៖ មឈូសសពរបស់ជនរងគ្រោះម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់ដែលបានសម្លាប់មនុស្ស១២៥នាក់ភ្លាមៗនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍ត្រូវបានគេដឹកបញ្ជូនមកកាន់ផ្ទះរបស់គេវិញ សម្រាប់ក្រុមគ្រួសាររៀបចំពិធីបុណ្យសពបែបប្រពៃណីនិងតាមសាសនា ។
មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅច្រក Magetan ភាគខាងកើត Java ដើម្បីចូលរួមរំលែកទុក្ខ សពនៅថ្ងៃចន្ទនេះ។ មានជនរងគ្រោះជាច្រើនត្រូវរត់ជាន់គ្នាស្លាប់ និង ខ្លះថប់ដង្ហើមស្លាប់ភ្លាមៗដោយសារភាពវឹកវរនៅច្រកចេញកីឡដ្ឋានបន្ទាប់ពីប៉ូលីសបានព្យាយាមបញ្ឈប់អំពើហិង្សាដោយប្រើប្រាស់ឧស្ម័បង្ហូរទឹកភ្នែក ទៅលើហ្វូងមនុស្សជាអ្នកគាំទ្ររាប់ពាន់នាក់ ដែលរត់សម្រុកចូលទៅក្នុងទីលានដើម្បីតវ៉ាជាមួយមន្រ្តីអ្នករៀបចំការប្រកួតបាល់ទាត់វាងក្រុមម្ចាស់ផ្ទះ Arema FC នៃទីក្រុង Malang និងក្រុមភ្ញៀវ Persebaya Surabaya ។
សាក្សីម្នាក់បានរៀបរាប់ថាពេលនោះមន្ត្រីប៉ូលីសក៏បានវាយដំពួកគេដោយដំបង និងខែលផងដែរ មុនពេលដែលពួកគេបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្ស។ ហេតុការណ៍នេះបានក្លាយទៅជាគ្រោះមហន្តរាយស្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានទេនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់របស់ពិភពលោក។
មកដល់ពេលនេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានបញ្ជាឱ្យមានការស៊ើបអង្កេតលើនីតិវិធីនៃការបង្រ្កាបរបស់សន្តិសុខ ហើយប្រធានស្ថាប័ន FIFA បានហៅហេតុការណ៍ស្លាប់មនុស្សដ៏ច្រើននេះថា “ជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់វិស័យកីឡាបាល់ទាត់ និងជាសោកនាដកម្មហួសនឹងថ្លែង ” ។ ខណៈពេលនេះដែល FIFA មិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៃការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅកីឡដ្ឋានបាល់ទាត់លើការប្រកួតក្នុងស្រុកនៅឡើយទេដែលជាមូលហេតុបង្ករទៅជាវិនាសកម្មបែបនេះ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា