Barcelona បន្ថែម​ច្បាប់​ថ្មី 3 ទៀត​ឲ្យ​កីឡាករ​អនុវត្ត​តាម​នៅ​រដូវ​កាល​នេះ (​មាន​វី​ដេ​អូ​)

0

ក្លឹ​ប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​ចេញ​នូវ​ច្បាប់​ថ្មី​ចំនួន 3 បន្ថែម​ទៀត​នៅ​លើ​ច្បាប់​មុន ដើម្បី​ធានា​នូវ​វិន័យ និង​ការ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ក្លឹ​ប​។

នេះ​បើ​តាម Cadena SER បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​អ្នកមាន​បុណ្យ បាន​បន្ថែម​ច្បាប់​ថ្មី​ដែល​តម្រូវ​ឲ្យ​កីឡាករ​អនុវត្ត​តាម​ក្នុង​រដូវ​កាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez ។

ច្បាប់​ចំនួន​ពីរ​ក្នុង​ចំនោម​ច្បាប់​ទាំង​បី​ដែល​បាន​ណែនាំ​ថ្មី​គឺ ហាម​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពេល​ចូលរួម​ក្នុង​សកម្មភាព​ក្រុម និង​ហាម​បង្ហោះ​រូបភាព ឬ​មតិ​ដែល​អាច​ឆ្លុះ​បញ្ចាំង​មិនល្អ​ចំពោះ​ក្លឹ​ប ឬ​នរណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្លឹ​ប​។

ទី​បី​គឺ​កីឡាករ​នឹង​ត្រូវ​បាន​កាត់ 10% នៃ​ប្រាក់​ឈ្នួល​ពលកម្ម​របស់​ពួក​គេ ប្រសិនបើ​ពួក​គេ​បដិសេធ​មិន​ព្រម​សហការ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ក្លឹ​ប ឬ​សកម្មភាព​ផ្សព្វផ្សាយ​។

Xavi សង្ឃឹមថា​នេះ​នឹង​នាំ​កីឡាករ​ក្នុង​ក្រុម​របស់​គាត់​ខិត​ទៅ​ជិត​គ្នា​ទៅ​វិញ​ទៅ​មក អត្ថប្រយោជន៍​ដែល​អាច​ប្រមូល​បាន​នៅ​លើ​ទីលាន​។ គាត់​បាន​ណែនាំ​ច្បាប់​ចំនួន 10 នៅ​ពេល​ដែល​គាត់​បាន​ចូល​កាន់​តំណែង​នៅ Nou Camp កាលពី​ឆ្នាំ​មុន ដូចដែល​បាន​រាយការណ៍​ដោយសារ​ព័ត៌មាន AS របស់​អេ​ស្ប៉ា​ញ​។

ដែល​ច្បាប់​ទាំង 10 នោះ​រួម​មាន​ដូច​ខាងក្រោម​៖

1. កីឡាករ​ត្រូវ​តែ​មក​ដល់ 90 នាទី​មុន​ពេល​ចាប់ផ្តើម​ការ​ហ្វឹកហាត់

2. បុគ្គលិក​ត្រូវ​មក​ដល់​ពីរ​ម៉ោង​មុន​ពេល​ចាប់ផ្តើម​ការ​ហ្វឹកហាត់

3. កីឡាករ​ត្រូវ​ញ៉ាំ​អាហារ​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹ​ប

4. ការ​ពិន័យ​ត្រូវ​បាន​ណែនាំ​ឡើង​វិញ

5. ការ​ពិន័យ​ទ្វេរ​ដង​ចំពោះ​សកម្មភាព​ល្មើស​ដដែល​ៗ

6. កីឡាករ​ត្រូវ​តែ​នៅផ្ទះ​មុន​ពាក់កណ្តាល​អធ្រាត្រ ពីរ​ថ្ងៃមុន​ការ​ប្រកួត

7. កីឡាករ​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​ក្នុង​ការ​ហ្វឹកហាត់

8. សកម្មភាព​ក្រៅ​ទីលាន​របស់​កីឡាករ​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ

9. សកម្មភាព «​ដែល​មាន​ហានិភ័យ​» មិន​ត្រូវ​បាន​អនុញ្ញាត​ទៀត​ទេ

10. ទំនាក់ទំនង​ល្អ​ក្នុង​ក្រុម​គឺ​ចាំបាច់​៕