Fenerbahce ត្រូវបានគេរាយការណ៍ថាជិតនឹងចុះហត្ថលេខាលើតារាឆ្នើម Cristiano Ronaldo របស់ Manchester United។
យោងតាមសារព័ត៌មាន Ajansspor បានឲ្យដឹងថាក្លឹបយក្សទួរគី “ហៀបនឹងធ្វើឲ្យកក្រើកសម្រាប់កំណត់ត្រាផ្ទេរ” ដើម្បីនាំកីឡាករវ័យ 37 ឆ្នាំរូបនេះទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។
របាយការណ៍នេះក៏បានអះអាងផងដែរថា ក្លឹបបានធ្វើការយ៉ាងសស្រាក់សស្រាំក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះ ហើយឥឡូវនេះភាគីទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួន។
Ronaldo ត្រូវបានទាក់ទងឥតឈប់ឈរជាមួយនឹងការចាកចេញពី Old Trafford នៅរដូវក្តៅនេះ បន្ទាប់ពីរដូវកាលដ៏ជូរចត់របស់ក្លឹប ក្រោយពីការវិលត្រឡប់របស់គាត់កាលពីរដូវក្តៅមុន។
ទោះបីជាតារាឆ្នើមសញ្ចាតិព័រទុយហ្គាល់ស៊ុតបញ្ចូលទីបាន 24 គ្រាប់ក្នុងការបង្ហាញខ្លួន 38 ដងក្នុងរដូវកាលដំបូងរបស់គាត់នៅ Manchester United ក៏ដោយ ក៏បិសាចក្រហមមិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 របស់ PL ដែរ។
ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ ចង់មានការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ប៉ុន្តែបច្ចុប្បន្នគាត់ត្រូវបានបង្ខំចិត្តលេងក្នុងការប្រកួត Europa League ដែលជាបទពិសោធន៍ដំបូងរបស់គាត់។ Ronaldo ទើបតែចាប់ផ្តើមការប្រកួតបើកឆាក Premier League ចំនួន 5 ប្រកួតរបស់ Man Utd ហើយហាក់ដូចជាមិនសមនឹងផែនការរបស់លោក Erik ten Hag នោះទេ។
គ្រូបង្វឹកសញ្ជាតិហូឡង់កំពុងពង្រឹងលើកីឡាករខ្សែប្រយុទ្ធរបស់គាត់ ហើយមានន័យថាខ្សែប្រយុទ្ធជើងចាស់រូបនេះ ប្រហែលជាមិនស័ក្តិសមសម្រាប់ប្រព័ន្ធលេងរបស់គាត់នោះទេ៕