https://web.facebook.com/boxsporthd/videos/441162224731137/
វីរបុរសប្រេស៊ីល និង Barcelona លោក Ronaldinho មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទីផ្សារដោះដូរកីឡាកររបស់ Arsenal និងការមកដល់របស់កីឡាករចំណូលថ្មីនៅក្លឹបភាគខាងជើងទីក្រុងឡុងដ៍។ គាត់បានទស្សន៍ទាយយ៉ាងក្លាហានថាក្រុមរបស់លោក Mikel Arteta នឹងវិលទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយដោយការបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 របស់ Premier League ។
ក្រុមកាំភ្លើងធំមិនបានលេងក្នុងក្របខ័ណ្ឌ Champions League ចាប់តាំងពីរដូវកាល 2016-17 ។ កាលពីរដូវកាលមុន ពួកគេក៏បានបានបន្តខកខាន ខណៈដែលពួកគេត្រូវបានក្រុម Tottenham Hotspur ទម្លាក់ចេញពីចំណាត់ថ្នាក់ទី 4។
ទោះជាយ៉ាងណាក៏ដោយលោក Ronaldinho ជឿជាក់ថា Arsenal នឹងមិនធ្វើឱ្យមានការខកចិត្តក្នុងរដូវកាលនេះទៀតនោះទេ ហើយថែមទាំងផ្តល់ឱ្យពួកគេនូវឱកាសក្នុងការប្រកួតប្រជែងដណ្តើមពាន Premier League ផងដែរ។
អតីតកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយតាមរយៈ Daily Metro ថា៖ «Arsenal នឹងត្រលប់ទៅចំណាត់ថ្នាក់ Top 4 នៅរដូវកាលនេះជាមួយនឹងការចុះហត្ថលេខាកីឡាករចំណូលថ្មី ហើយប្រហែលជាពួកគេអាចសម្រេចបានកាន់តែច្រើន និងប្រជែងដណ្តើមពាន Premier League។ Manchester City មើលទៅខ្លាំង ហើយពួកគេនឹងក្លាយជាក្រុមដែលទទួលបានការពេញចិត្តច្រើន ប៉ុន្តែនៅក្នុងបាល់ទាត់ អ្វីគ្រប់យ៉ាងគឺអាចកើតឡើងគ្រប់ពេល»។
មកទល់ពេលនេះក្រុមកាំភ្លើងធំបានចុះហត្ថលេខាលើកីឡាករចំណូលថ្មីចំនួនប្រាំនាក់ ដែលក្នុងនោះកីឡាករពីរនាក់របស់ Manchester City គឺ Gabriel Jesus និង Oleksandr Zinchenko គឺជាកីឡាករដែលមានឥទ្ធិពលបំផុត។
ក្រុមរបស់លោក Arteta បានចាប់ផ្តើមយុទ្ធនាការយ៉ាងល្អជាមួយនឹងជ័យជម្នះលើក្រុម Crystal Palace និង Leicester City ។ សញ្ញាដំបូងគឺមានភាពវិជ្ជមាន ហើយក្រុមកាំភ្លើងធំគឺជាក្រុមតែមួយគត់រួមជាមួយ Manchester City ដែលទទួលបាន 6 ពិន្ទុពីការប្រកួតពីរលើកដំបូងរបស់ពួកគេ៕