ភាពរអាក់រអួលផ្នែកហិរញ្ញវត្ថុរបស់ក្លឹប Barcelona បានរុញច្រាន Lionel Messi ឲ្យចាកចេញពីក្លឹបទៅចូលរួមជាមួយ Paris Saint-Germain កាលពីរដូវក្តៅមុន។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CBSSports លោក Joan Laporta ដែលជាប្រធានក្លឹប បាននិយាយអំពីលទ្ធភាពនៃការជួបជុំគ្នាជាមួយអ្នកឈ្នះពាន Ballon d’Or ៧សម័យនៅទឹកដី Camp Nou ។
Laporta បាននិយាយជាលើកដំបូងអំពីការចាកចេញរបស់ Lionel Messi ពី Barcelona កាលពីរដូវកាលមុនថា៖
«ខ្ញុំបានធ្វើអ្វីដែលខ្ញុំត្រូវធ្វើ ដើម្បីរក្សាលំនឹងក្លឹបរបស់យើង។ ខ្ញុំបានស្គាល់ Messi តាំងពីគាត់នៅក្មេង ហើយខ្ញុំស្រលាញ់ Leo ។ ខ្ញុំមានអារម្មណ៍ថាជំពាក់គុណ Messi ។ គាត់គឺជាកីឡាករល្អបំផុតនៅក្នុងក្រុមពួកយើង ហើយខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថាគាត់អាចបញ្ចប់អាជីពរបស់គាត់បានល្អបំផុតជាមួយនឹងអាវរបស់ Barça»។
គាត់បានបន្ថែមថា៖ «ខ្ញុំចង់នាំគាត់មកវិញ វាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំគិតថាជាមួយនឹងយុទ្ធសាស្ត្រត្រឹមត្រូវ យើងអាចធ្វើវាបាន។ ខ្ញុំគិតថា Messi គឺជាកីឡាករដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង។ គាត់គឺជាមនុស្សម្នាក់ដែលធ្វើអោយអ្នកគាំទ្ររបស់យើងរំភើប។ ពួកយើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយ Messi បញ្ចប់អាជីពរបស់គាត់នៅ Barcelona »។
នៅពេលត្រូវបានគេសួរអំពីលទ្ធភាពដែលតារា PSG ត្រឡប់មកវិញ Laporta បាននិយាយថា៖ «ដូចដែលខ្ញុំបាននិយាយ យើងមានក្តីស្រលាញ់ និងជំពាក់គុណ Leo។ ការបញ្ចប់កុងត្រា Leo នៅ Barcelona មិនមែនជាពេលវេលាដ៏ល្អបំផុតនោះទេ។ វាជាពេលវេលាដ៏លំបាកមួយ។ យើងត្រូវសម្រេចចិត្ត ហើយយកក្លឹបធំជាងកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង។ ខ្ញុំគិតថាយើងត្រូវតែធ្វើការនៅពេលនេះដើម្បីឱ្យ Messi បញ្ចប់អាជីពរបស់គាត់ដោយពាក់អាវ Barcelona ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ឱ្យគាត់នូវការបញ្ចប់ដែលគាត់សមនឹងទទួល»។
គាត់បានបន្ថែមថា៖ «ជាថ្មីម្តងទៀត ខ្ញុំប្រាប់អ្នកថា នេះគឺជាបំណងប្រាថ្នាដែលយើងមាន ហើយខ្ញុំសង្ឃឹមថាយើងអាចបំប្លែងវាឱ្យក្លាយជាការពិត។ យើងមានយុទ្ធសាស្ត្រ ដើម្បីនាំគាត់ត្រលប់ទៅ Barcelona វិញ។ Barça ស្រឡាញ់ Leo អ្នកគាំទ្រក៏ស្រលាញ់ Leo ហើយខ្ញុំក៏ស្រឡាញ់គាត់ដែរ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»៕