អតីតខ្សែការពារក្រុម Manchester United លោក Mikaël Silvestre បានបញ្ចេញមតិលើការសម្រេចចិត្តរបស់លោក Erik ten Hag ក្នុងការរក្សា Harry Maguire ជាប្រធានក្រុមបិសាចក្រហម។ គាត់ពេញចិត្តនឹងការសម្រេចចិត្តនេះ ដោយបញ្ជាក់ថាមិនមានកីឡាករផ្សេងទៀតច្រើននោះទេនៅក្នុងក្រុមបច្ចុប្បន្ន ដែលសក្តិសមពាក់ខ្សែដៃប្រធានក្រុម។
គ្រូបង្វឹកថ្មីរបស់បិសាចក្រហមបានប្រកាសកាលពីដើមសប្តាហ៍នេះថា Maguire នឹងបន្តពាក់ខ្សែដៃប្រធានក្រុមនៅ Old Trafford ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានផ្តល់ខ្សែដៃប្រធានក្រុមដោយលោក Ole Gunnar Solskjaer បន្ទាប់ពី Ashley Young បានចាកចេញពីក្លឹបនៅឆ្នាំ 2020 ។
ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែការពារ Leicester City រូបនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំង ចំពោះទម្រង់លេងមិនសូវល្អរបស់គាត់។ Silvestre បានគាំទ្រការសម្រេចចិត្តរបស់ Ten Hag ក្នុងការរក្សាកីឡាករវ័យ 29 ឆ្នាំជាប្រធានក្រុមក្លឹបចាស់របស់គាត់។
អតីតខ្សែការពារសញ្ជាតិបារាំងរូបនេះ បានទទូចថាមិនមានកីឡាករច្រើននោះទេនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដែលអាចជំនួស Maguire ភ្លាមៗក្នុងនាមជាប្រធានក្រុម។ គាត់បានប្រាប់ទៅកាន់ Lord Ping ថា៖
«នៅពេលនេះ មិនមានកីឡាករច្រើនទេ ដែលមានភាពលេចធ្លោ ហើយអ្នកណាអាចជាប្រធានក្រុមភ្លាមៗ។ វាងាយស្រួលក្នុងការបន្តជាមួយ Harry ដូចដែលគាត់ត្រូវបានគេគោរពនៅក្នុងបន្ទប់សំលៀកបំពាក់»។
Silvestre ក៏បានជំរុញឱ្យអ្នកគាំទ្រទុកពេលឱ្យ Maguire ដើម្បីបង្ហាញខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី។
គាត់បានបន្ថែមថា៖ «យើងត្រូវផ្តល់ពេលវេលាឲ្យគាត់ ដើម្បីវិលទៅរកភាពល្អបំផុតរបស់គាត់ ដូច្នេះវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវនៅពេលនេះសម្រាប់អ្នកគ្រប់គ្រង»៕