Real Madrid ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការទិញយកខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund កីឡាករ Youssoufa Moukoko ដើម្បីពង្រឹងជម្រើសប្រយុទ្ធរបស់ខ្លួននៅមុនរដូវកាលថ្មី។
កីឡាករវ័យ 17 ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលគាត់បានក្លាយជាកីឡាករក្មេងជាងគេ និងជាអ្នកស៊ុតបញ្ចូលទីក្នុងប្រវត្តិសាស្ត្រ Bundesliga ក្នុងអំឡុងយុទ្ធនាការ 2020-21។ ក្រោយមក គាត់ក៏បានក្លាយជាកីឡាករក្មេងបំផុតដែលបង្ហាញខ្លួនក្នុងការប្រកួត UEFA Champions League។
Moukoko ដែលស៊ុតបញ្ចូលទីបាន 141 គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងកម្រិតយុវជនចំនួន 87 ដង មុនពេលការបង្ហាញខ្លួនជាកីឡាករអាជីពរបស់គាត់ ក៏ត្រូវបានគេប្រដូចទៅនឹងអតីតខ្សែប្រយុទ្ធក្រុម Barcelona និង Inter Milan លោក Samuel Eto’o ។ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Signal Iduna Park គ្រោងនឹងផុតកំណត់នៅឆ្នាំក្រោយ ហើយក្លឹបជាច្រើនត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅលើគាត់។
យោងតាម Bild បានឲ្យដឹងថា Real Madrid គឺជាក្រុមដែលចាប់អារម្មណ៍ខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងក្នុងតម្លៃ 15 លានអឺរ៉ូ ខណៈដែលម្ចាស់ជើងឯក La Liga កំពុងបន្តស្វែងរកជម្រើសបម្រុងសម្រាប់ Karim Benzema ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើ Moukoko នឹងបន្តជាមួយ Borussia Dortmund ដែរឬអត់។
មុននេះនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីកីឡាអាល្លឺម៉ង់ Kicker ខ្សែប្រយុទ្ធសញ្ជាតិកាមេរូនបាននិយាយអំពីគោលដៅ និងមហិច្ឆតារបស់គាត់ ដោយគាត់បាននិយាយថា៖
«ខ្ញុំពិតជាចង់ទទួលបានបទពិសោធន៍ការប្រកួតបន្ថែមទៀត ស៊ុតបញ្ចូលទីបានច្រើន និងបន្តលេងដោយគ្មានរបួស។ ឥឡូវនេះខ្ញុំបានសម្រាក និងអាចដកដង្ហើមបានយ៉ាងងាយស្រួល ហើយបន្ទាប់មកខ្ញុំអាចប្រយុទ្ធបានពេញលេញនៅរដូវកាលក្រោយ ខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំង»។
សរុបមក Moukoko ស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន 2 ដងក្នុងការបង្ហាញខ្លួនចំនួន 36ដងសម្រាប់ក្រុមឈុតធំរបស់ Borussia Dortmund៕