ភរិយា Lionel Messi ផ្ញើ​ការ​ជូនពរ​ដ៏​ផ្អែមល្ហែម (​មាន​វី​ដេ​អូ​)

0

Antonela Roccuzzo ភរិយា​របស់ Lionel Messi បាន​បង្ហោះ​សារ​ជូនពរ​ដល់​តារា​ឆ្នើម Paris Saint-Germain ខណៈ​ដែល​គាត់​ប្រារព្ធ​ខួបកំណើត​គម្រប់ 35 ឆ្នាំ​របស់​គាត់​។

Messi បាន​ស្ថិត​នៅ​ចំណុចកំពូល​នៃ​បាល់ទាត់​ក្នុង​អាជីព​របស់​គាត់​ដែល​មាន​រយៈពេល​ជាង 17 ឆ្នាំ ហើយ​នៅ​ពេល​នោះ​គាត់​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ផង​ដែរ ដែល​រួម​មាន​ពានរង្វាន់ UEFA Champions League, La Liga, Copa America, ពាន Ligue 1 និង Copa del Rey ហើយ​នៅ​មាន​ពានរង្វាន់​មួយ​ចំនួន​ផ្សេង​ទៀត រួម​ទាំង​បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ចំនួន ៧​ដង​។

ថ្ងៃ​ទី 24 ខែមិថុនា​នេះ តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ប្រារព្ធ​ខួបកំណើត​គម្រប់ 35 ឆ្នាំ​របស់​គាត់ ហើយ​ប្រពន្ធ​របស់​គាត់ Antonela Roccuzzo បាន​ផ្ញើ​ការ​ជូនពរ​ខួបកំណើត​ដ៏​ផ្អែមល្ហែម​ដល់​តារា​ឆ្នើម PSG ។

នាង​បាន​សរសេរ​នៅ​លើ​បណ្តាញ Instagram ថា​៖ «​រីករាយ​ថ្ងៃកំណើត​ប្តី​សម្លាញ់​។ ស្រលាញ់​បង​លើស​ពី​អ្វី​ទាំងអស់​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Lionel Messi និង Antonela Roccuzzo គឺជា​គូស្នេហ៍​វ័យ​កុមារ ដោយ​កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ផ្តើម​ស្នេហា​របស់​គាត់​នៅ​អាយុ​ត្រឹមតែ 9 ឆ្នាំ​ប៉ុណ្ណោះ​។ ស្នេហា​របស់​ពួក​គេ​មាន​ភាព​ស្អិតរ​មួ​ត​កាន់តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​អ្នក​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ចំណង​ស្នេហ៍​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧​។

ភាព​ជោគជ័យ​ដ៏​ធំធេង​របស់ Messi ក្នុង​វិស័យ​បាល់ទាត់​បាន​កើតឡើង ស្រប​ពេល​ជាមួយនឹង​ភាព​ជា​ឪពុក​ដ៏​គួរ​ឱ្យ​កោតសរសើរ​របស់​គាត់ ដោយ​ខ្សែប្រយុទ្ធ PSG និង Roccuzzo បាន​ទទួល​ផ្លែផ្កា​ពី​ចំណងស្នេហា គឺ​កូន​ចំនួន​បី​នាក់​មាន​ដូច​ជា Mateo, Thiago និង Ciro៕