ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដឹកនាំ​ពិភាក្សា​លើ​លទ្ធផល​សិក្សា​បឋម លើ​ការ​រៀបចំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ ផ្លូវ​រថភ្លើង​លើ​អាកាស (Monorail)

0

ភ្នំពេញ​៖ ថ្ងៃ​សុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២៤ ខែមិថុនា​ឆ្នាំ ២០២២ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី លទ្ធផល​សិក្សា​បឋម លើ​ការ​រៀបចំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ ផ្លូវ​រថភ្លើង​លើ​អាកាស (Monorail) ជា​ជម្រើស នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូល រួម​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​សាលា​រាជធានី​ភ្នំពេញ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) តំណាង​ក្រុមហ៊ុន​គមនាគមន៍ និង​សំណង់​ចិន (CCCC) និង​មន្ត្រី​បច្ចេកទេស​មក​ពី​អង្គភាព​ពាក់ព័ន្ធ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​អង្គប្រជុំ និង​បាន​ជម្រាប​ជូន​អំពី គម្រោង​សិក្សា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ដែល​អាច​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ក្នុង​ក្រុង ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើការ​ពិនិត្យ​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ណាមួយ​ដែល​សម​ស្រប និង​អាច​ទទួលយក​បាន សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​កើត​មាន​នា​ពេល បច្ចុប្បន្ន​នេះ​។

បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​អ្នកជំនាញ​ឯកទេស ក្រុមហ៊ុន ដែល​បាន​សិក្សា ទៅ​លើ​លទ្ធភាព​សាងសង់ បណ្តាញ ផ្លូវ​រថភ្លើង ដែល​បាន​គ្រោង​ត​ភ្ជាប់​ស្ទើរ​គ្រប់​ទីតាំង ជា​ពិសេស​លើ​តំបន់​ដែល​មាន​ដង់​សុ​ី​តេ​ប្រជាជន ខ្ពស់ នៃ​រាជធានី​ភ្នំពេញ រួច​មក​អង្គប្រជុំ​បាន​ពិភាក្សា​លម្អិត​បន្ថែម​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ជាបឋម នេះ​។ ក្រុមហ៊ុន​បាន​សិក្សា​ដោយ​ផ្អែក​លើ​មូលដ្ឋាន នៃ​ការ​ប្រៀបធៀប​តម្លៃ​ឯក​តា​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី (Subway) ឬ​ផ្លូវ​រថភ្លើង​លើ​អាកាស​(Monorail) រយៈពេល​នៃ​ការ​សាងសង់ តម្លៃ​ប្រតិបត្តិការ និង​ចំណាយ​លើ​ការ​ថែទាំ ជាដើម​… ។​ល​។

ជាទី​បញ្ចប់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ធ្វើការ​សិក្សា​ឱ្យ​បាន ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​ចំណុច​ដែល​នៅ​ខ្វះចន្លោះ​មួយ​ចំនួន​ទៀត គឺ​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​កម្ពុជា​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន និង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT