វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានប្រតិកម្មទៅនឹងពាក្យដែលកីឡាករ Cristiano Ronaldo បានប្រាប់ទៅកាន់អ្នកកាន់កាមេរ៉ាក្នុងអំឡុងពេលដែលក្រុម Manchester United ទទួលជ័យជម្នះ 3-0 លើក្រុម Brentford កាលពីថ្ងៃទី 2 ខែមេសា។
បិសាចក្រហមបានទទួលជ័យជម្នះដោយសារគ្រាប់បាល់របស់ Bruno Fernandes នៅតង់ទី 1 បាល់ប៉េណាល់ទីនៅតង់ទីពីររបស់ Ronaldo និងគ្រាប់បាល់ទី3របស់ Raphael Varane ។
មានការរំពឹងទុកជាច្រើនអំពីអនាគតរបស់ Ronaldo នៅ Old Trafford ដោយខ្សែប្រយុទ្ធជើងចាស់រូបនេះនៅតែបន្តទទួលបានការចាប់អារម្មណ៍ ទោះបីជាក្រុមរបស់គាត់មានបញ្ហាក៏ដោយ។ ក្នុងរដូវកាលមួយដែល Manchester United បានធ្លាក់ដុនដាបយ៉ាងខ្លាំង ហើយមើលទៅទំនងជាខកខានក្នុងការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួន តារាសញ្ជាតិព័រទុយហ្គាល់រូបនេះនៅតែបង្ហាញគុណភាពយ៉ាងអស្ចារ្យ។ គ្រាប់បាល់របស់គាត់ទល់នឹង Brentford បានធ្វើឲ្យគ្រាប់បាល់សរុបរបស់គាត់កើនដល់ទៅ 18 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 29 ប្រកួតនៅ Premier League ។
បន្ទាប់ពីការប្រកួតនេះ Ronaldo បានប្រាប់ទៅកាន់អ្នកកាន់កាមេរ៉ារបស់ Sky Sports ថាគាត់មិនទាន់បញ្ចប់នោះទេ គឺនៅមានបន្តទៀត។
Carragher បានប្រតិកម្មទៅនឹងសកម្មភាពរបស់ខ្សែប្រយុទ្ធជើងចាស់រូបនេះ ដោយនិយាយថា Ronaldo កំពុងឆ្ពោះទៅរកអ្នកគ្រប់គ្រងថ្មីគឺលោក Erik ten Hag ។
Carragher បានប្រាប់ Sky Sports ថា៖ «នោះជាសារទៅកាន់ Erik ten Hag»។
កីឡាករពីររូបដែលហាក់ដូចជាបានលាគ្នាចុងក្រោយក្នុងពេលទទួលជ័យជម្នះ 3-0 នៅ Old Trafford គឺ Nemanja Matic និង Juan Mata។ កិច្ចសន្យារបស់ពួកគេនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ដូច្នេះហើយ ការពង្រឹងខ្សែបម្រើកណ្តាលគឺជាភាពចាំបាច់ ប៉ុន្តែវីរបុរសរបស់ក្រុម Manchester United លោក Roy Keane បាននិយាយថា បន្ទុកសម្រាប់អ្នកស៊ុតបញ្ចូលទីដែលដាក់លើ Ronaldo ចាំបាច់ត្រូវតែដោះស្រាយ។
ប្រធានក្រុមព័រទុយហ្គាល់ស៊ុតបញ្ចូលទីបាន 24 គ្រាប់នៅរដូវកាលនេះ ដែលជាចំនួនខ្ពស់បំផុតសម្រាប់កីឡាករដែលមានអាយុលើសពី 37 ឆ្នាំក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ។
Keane បានលើកសរសើសម្រាប់ទម្រង់លេងរបស់ Ronaldo ទល់នឹង Brentford ដោយនិយាយថា៖ «Ronaldo នៅតែអស្ចារ្យ Manchester United គឺពឹងផ្អែកខ្លាំងលើខ្សែប្រយុទ្ធ»៕