វីរបុរសក្រុមបិសាចក្រហម Manchester United លោក Wayne Rooney ជឿជាក់ថា ប្រធានក្រុមបិសាចក្រហម Harry Maguire ត្រូវខំប្រឹងប្រែងជាងនេះ ដើម្បីទទួលបានទំនុកចិត្តរបស់គាត់មកវិញ។
Maguire ទទួលបានការរិះគន់ជាច្រើនសម្រាប់ទម្រង់លេងរបស់គាត់នៅរដូវកាលនេះ។ អតីតខ្សែការពារកណ្តាលរបស់ក្លឹប Leicester City ជារឿយៗមើលទៅហាក់ដូចជាស្លន់ស្លោរ និងកម្របានបង្ហាញភាពជាអ្នកដឹកនាំក្រុម។
អ្នកគាំទ្រអង់គ្លេសថ្មីៗនេះបានស្រែកជេរ Maguire កំឡុងពេលជ័យជំនះរបស់ក្រុមតោបីអង់គ្លេសលើក្រុម Ivory Coast ក្នុងការប្រកួតមិត្តភាពនៅ Wembley ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់គាត់។ សកម្មភាពរបស់អ្នកគាំទ្រត្រូវបានថ្កោលទោសដោយមនុស្សជាច្រើន រួមទាំង Rooney ផងដែរ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror។
អតីតកីឡាករ Manchester United រូបនេះបាននិយាយថា Maguire ធ្វើមិនបានល្អនៅរដូវកាលនេះ ប៉ុន្តែមិនគិតថាវាមានអ្វីទាក់ទងនឹងគុណភាពរបស់គាត់ទេ។ Rooney ជឿជាក់ថាកីឡាករវ័យ 29 ឆ្នាំត្រូវការទំនុកចិត្តដើម្បីរីកចម្រើនបន្តទៅមុខទៀត ជាមូលហេតុដែលគាត់ធ្វើបានយ៉ាងល្អសម្រាប់ក្រុមអង់គ្លេស ប៉ុន្តែត្រូវតស៊ូបន្ថែមទៀតក្នុងក្រុមបិសាចក្រហម។
ការគាំទ្រខ្សែការពារអង់គ្លេសដើម្បីទទួលបានទម្រង់លេងរបស់គាត់មកវិញ អ្នកចាត់ការក្រុម Derby County បានប្រាប់ Sky Sports ថា៖
«ខ្ញុំស្គាល់ Harry ខ្ញុំចូលចិត្តគាត់ ។ គាត់មិនបានបង្ហាញទម្រង់លេងល្អបំផុតរបស់គាត់នៅរដូវកាលនេះនោះទេ ហើយបន្ទាប់មកអ្នកមើលទម្រង់លេងរបស់គាត់នៅក្នុងក្រុមអង់គ្លេស ហើយមើលទៅដូចជាខ្សែការពារកណ្តាលលំដាប់ពិភពលោក។ ជាថ្មីម្តងទៀត ដើម្បីទទួលបានទំនុកចិត្តនោះមកវិញ គឺក្រុមត្រូវការជ័យជំនះ។ ប្រសិនបើពួកគេធ្វើដូច្នេះ ខ្ញុំគិតថា Harry Maguire គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុម»។
គួររំលឹកឡើងវិញដែរថា ខ្សែការពារមានតម្លៃខ្លួន 80 លានផោន ដែលបានផ្ទេរមកពី Leicester ក្នុងឆ្នាំ 2019 បានបង្ហាញខ្លួន 25 ប្រកួតនៅក្នុង Premier League សម្រាប់ក្រុម Old Trafford នៅរដូវកាលនេះ៕