កីឡាករ ៥នាក់របស់ PSG អាចនឹងចាកចេញនៅរដូវក្តៅនេះ (មានវីដេអូ)

0

កីឡាករ Georginio Wijnaldum ខ្សែបម្រើរបស់ក្រុម Paris Saint-Germain គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងប្រាំ ដែលត្រៀមចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

PSG បានធ្លាក់ចេញពីការប្រកួត UEFA Champions League ក្រោមថ្វីជើង Real Madrid ក្នុងវគ្គ 16 ក្រុម។ លោក Hadrien Grenier បានរាយការណ៍ថាកីឡាកររបស់ក្លឹបប៉ារីសចំនួន 5 នាក់អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះរួមទាំង Wijnaldum ផងដែរ។

ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ បានចូលរួមជាមួយក្រុមរបស់លោក Mauricio Pochettino កាលពីរដូវក្តៅមុន លើការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យារបស់គាត់នៅ Liverpool។

Wijnaldum បានជួបការលំបាកក្នុងការស្វែងរកកន្លែងលេង នៅក្នុងក្រុម PSG ហើយគាត់អាចនឹងផ្លាស់ប្តូរម្តងទៀតនៅរដូវក្តៅនេះ។

កីឡាករម្នាក់ទៀតដែលអាចចាកចេញគឺ Julian Draxler ។ កីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះ បានចូលរួមជាមួយក្លឹបបារាំងពីក្លឹប Wolfsburg ក្នុងឆ្នាំ 2017 ប៉ុន្តែបានជួបបញ្ហាជាមួយនឹងជម្រើសដំបូងរបស់ក្រុម។

គាត់ត្រូវបានគេប្រើប្រាស់តិចតួចក្នុងរដូវកាលនេះផងដែរ ដោយ Draxler បង្ហាញខ្លួនបានតែ 24 ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ដែលភាគច្រើនជាកីឡាករបម្រុងនៅតង់ទីពីរ។ បច្ចុប្បន្ន Draxler មានអាយុត្រឹម​តែ 28 ឆ្នាំ​ប៉ុណ្ណោះ ហើយ​អាច​ចាប់​ផ្តើម​អាជីព​នៅ​កន្លែង​ផ្សេង​ទៀត។

Draxler បានសារភាពថាគាត់ត្រូវការពេលវេលាលេងបន្ថែមទៀត មុនការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេស Qatar ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ គាត់បានប្រាប់ទៅកាន់ក្លឹបថា៖ «ខ្ញុំ​ត្រូវ​ការ​ពេលវេលាលេងបន្ថែម​ទៀត​សម្រាប់ World Cup។ យើង​នឹង​ឃើញ​ថា​មាន​អ្វី​កើត​ឡើង​នៅ​រដូវ​ក្ដៅ​នេះ»។

ខ្សែការពារស្តាំ Colin Dagba ក៏អាចនឹងត្រូវចាកចេញ ព្រោះថាពិបាកប្រជែងជាមួយ Achraf Hakimi សម្រាប់ជម្រើសដំបូងនៅក្នុងតំណែងនោះ។ Dagba ត្រូវបានកាត់បន្ថយមកត្រឹមតែបីប្រកួតក្នុង Ligue 1 នៅរដូវកាលនេះ ដូច្នេះហើយអាចនឹងស្វែងរកក្លឹបថ្មីដើម្បីលេង។

អតីតប្រធានក្រុម Inter Milan កីឡាករ Mauro Icardi ក៏អាចនឹងចាកចេញដែរ ដោយសារបញ្ហារបស់គាត់នៅក្លឹប។ គាត់ពិបាកនឹងប្រជែងសម្រាប់ជម្រើសដំបូងជាមួយនឹង Lionel Messi, Neymar, Kylian Mbappe និង Angel Di Maria ។

Abdou Diallo ដែលបានចូលរួមជាមួយក្លឹបយក្ស Ligue 1 ពីក្លឹប Borussia Dortmind ក្នុងឆ្នាំ 2019 បានបង្ហាញខ្លួនត្រឹមតែ 72 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប ហើយគាត់​អាច​នឹង​ចាកចេញ​ពី​ក្លឹប​ប៉ារីស​នៅ​រដូវក្តៅ​នេះដែរ៕