Ronaldinho ចេញ​មុខការ​ពារ​អតីត​មិត្ត​រួម​ក្រុម (​មាន​វី​ដេ​អូ​)

0

អតីត​តារា PSG លោក Ronaldinho ជឿជាក់​ថា​វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នកគាំទ្រ​ស្រែក​ឡូឡា​ដាក់ Lionel Messi និង Neymar កំឡុង​ពេល​ក្រុម​ក្រុម​យក្ស​បារាំង​ប្រកួត​ជាមួយ Bordeaux ក្រោយ​ធ្លាក់​ចេញពី UEFA Champions League ។

Ronaldinho ជឿជាក់​ថា​កំពូល​កីឡាករ​ក្នុង​ក្រុមបាល់ទាត់​ណាមួយ​នឹង​តែងតែ​ត្រូវ​បាន​អ្នកគាំទ្រ​កំណត់​គោលដៅ​នៅ​ពេល​ដែល​អ្វី​ៗ​មិន​ដំណើរការ​ទៅ​តាម​ផែនការ​។

អតីត​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​និយាយ​នៅ​លើ YouTube របស់ ESPN FC ថា​៖ «​វា​ជា​បាល់ទាត់​។ នៅ​ក្នុង​បាល់ទាត់​នៅ​ពេល​ដែល​អ្វី​ៗ​មិន​ដំណើរការ​ល្អ នោះ​តារា​ឆ្នើម​ទាំងអស់​តែងតែ​ស្ថិត​នៅ​ក្រោម​សម្ពាធ​បន្តិច​។ នោះ​ហើយ​គឺជា​បាល់ទាត់ វា​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ​»​។

PSG ធ្វើ​មិន​បាន​ល្អ​នៅ Champions League ដោយ​ចាញ់ Real Madrid ក្នុង​ជុំ​ទី ១៦ ដោយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​គឺ ៣-២​។ ទាំង Messi និង Neymar មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើយ​ក្នុង​ការ​ចាញ់ ៣-១ នៅ​កីឡដ្ឋាន Santiago Bernabeu ដែល​ជំរុញ​ឱ្យ​អ្នកគាំទ្រ Paris Saint-Germain ស្រែក​ហ៊ោ​ឌឺដង​ក្នុង​ការ​ប្រកួត​បន្ទាប់​ក្នុងផ្ទះ​របស់​ពួក​គេ​។

នៅ​ទីបំផុត ការ​ជេរ​ប្រមាថ​មិន​បាន​ប៉ះពាល់​ដល់​កីឡាករ​នៅ​លើ​ទីលាន​ឡើយ​។ ក្រុម​របស់​លោក Mauricio Pochettino បាន​បន្ត​យកឈ្នះ​លើ​ក្រុម Bordeaux ក្នុង​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន Parc des Princes ដោយ Neymar ចូលរួម​រកបាន​១​គ្រាប់​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ PSG បាន​ចាញ់​ការ​ប្រកួត​បន្ទាប់​ក្នុង​លី​គ​របស់​ពួក​គេ​ទល់​នឹង AS Monaco ក្នុង​លទ្ធផល ៣-០ មុន​ពេល​សម្រាក​អន្តរជាតិ​៕