ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah បាននិយាយថា គាត់មានការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការបោះឆ្នោត Ballon d’Or ឆ្នាំ ២០២១ នៅពេលដែលគាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ដោយនិយាយថាគ្មាននរណាម្នាក់នៅលើពិភពលោក រំពឹងថាគាត់នឹងទទួលបានចំណាត់ថ្នាក់បែបនេះនោះទេ។
Salah បាននិយាយនៅលើទូរទស្សន៍អេហ្ស៊ីប និងប៉ុស្តិ៍ DMC ថា៖ «វាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល ប៉ុន្តែគ្មានអ្វីដែលខ្ញុំអាចនិយាយបាននោះទេ»។
តារាឆ្នើមអេហ្ស៊ីបរូបនេះបានបន្ថែមថា៖ «ខ្ញុំមិនគិតថាមានភាពស៊ីសំណូកនោះទេ ប៉ុន្តែប្រហែលជាមានជម្រើសមិនត្រឹមត្រូវ ហើយមានប្រទេសជាច្រើនដែលមិនចេះបោះឆ្នោត។ ខ្ញុំគ្មានអ្វីបញ្ជាក់ថាមានអ្វីខុសទេ។ ខ្ញុំពិតជាមិនដឹងទេ ប៉ុន្តែខ្ញុំភ្ញាក់ផ្អើលចំពោះលទ្ធផល»។
ទោះជាយ៉ាងណា កីឡាករអេហ្ស៊ីបរូបនេះបញ្ជាក់ថា ខ្លួនបានធ្វើរួចហើយក្នុងអាជីពរបស់ខ្លួន គឺគ្រប់គ្រាន់ដើម្បីទទួលបានជោគជ័យ។
រំលឹកឡើងវិញដែរថា Salah បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ក្នុងឆ្នាំនេះ ហើយកំពុងប្រឹងប្រែងជួយ Liverpool ក្នុងការប្រជែងដណ្តើមជើងឯក Premier League ៕