ភ្នំពេញ៖ កីឡាករ U23 វៀតណាមចំនួន ៤នាក់ បានមកដល់ទីក្រុងភ្នំពេញ តាំងពីព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរតាមរថយន្តក្រុងពីទីក្រុងហូជីមិញមក។ កីឡាករទាំង ៤រូបនោះ នឹងចូលមកជួយក្រុមក្នុងការប្រកួតទល់នឹងប្រទេសថៃនៅរសៀលថ្ងៃនេះ។ កីឡាករទាំង ៤រូបនោះរួមមាន Bao Toan, Tien Dat, Thanh Nhan (HAGL) និង Dinh Quy (Quang Nam) ពួកគេបានធ្វើតេស្តកូវីដរួចរាល់ហើយ ក្នុងនោះលទ្ធផល គឺអវិជ្ជមាន។ ហើយពេលនេះពួកគេក៏បានជួបជុំគ្នាជាមួយក្រុមការងារនៅសណ្ឋាគារ តាំងពីម៉ោង ១១ព្រឹក។
គួរបញ្ជាក់ថាពួកគេទាំង ៤នាក់ បានធ្វើដំណើរមកដល់ច្រកព្រំដែនម៉ុកបៃ តាំងពីម៉ោង ៤ព្រឹក ហើយបានធ្វើដំណើរបន្តមកក្រុងភ្នំពេញ។ ហើយនៅពេលនេះពួកគេទាំង ៤នាក់ បានធ្វើការសម្រាក់ ដើម្បីយកកម្លាំងត្រៀមប្រកួត ខណៈពេលបានធ្វើដំណើរទាំងយប់មកកាន់ក្រុងភ្នំពេញ។
ដោយឡែកកីឡាករ ២រូបទៀតរួមមានVu Dinh Hai (ក្លឹប Phu Dong) និង Phan Tuan Tai (ក្លឹប Viettel) និងធ្វើដំណើរតាមយន្តហោះមកកាន់ប្រទេសកម្ពុជានៅម៉ោង ១៥:៤៥នាទីល្ងាចនេះ។ ហើយពួកគេនឹងមកជួយក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើ U23 វៀតណាមឆ្លងផុតវគ្គចែកពូល៕
ប្រភព៖ Zingnews