Diogo Dalot ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មី មានតម្លៃ ៥០លានផោន ដែលក្លិបគិតថាគេនឹងធ្វើឱ្យប្រសើរឡើងនៅ Manchester United ខណៈដែល Aaron Wan-Bissaka អាចនឹងរើបង្វេចចាកចេញនៅរដូវក្តៅនេះ។
Dalot បានបង្ហាញគុណផលល្អនៅតំបន់ស្លាបខាងស្ដាំរបស់ក្រុមបិសាចក្រហម រដូវកាលនេះ ដែលធ្វើឱ្យ Wan-Bissaka ទទួលបានឱកាសតិចតួចក្នុងការបង្ហាញខ្លួន លើទីលានប្រកួត ហើយប្រសិនបើខ្សែការពារព័រទុយហ្កាល់រូបនេះ បន្ដកិច្ចសន្យាថ្មី នោះអតីតកីឡាករក្រុម Crystal Palace អាចនឹងចាកចេញពី Old Trafford។
យោងតាមប្រភពពី Daily Star បានរាយការណ៍ថា Mn Utd បានត្រៀមបន្ដកិច្ចសន្យាថ្មីសម្រាប់ Dalot ដោយសារកីឡាកររូបនេះ បានបំពេញតួនាទីយ៉ាងល្អ ក្នុងតំណែងរបស់ខ្លួន។
ប៉ុន្ដែការសម្រេចចិត្តនេះ អាចប៉ះពាល់ដល់អនាគតរបស់ Wan-Bissaka ដែលជាខ្សែការពារស្លាបស្ដាំម្នាក់ទៀតក្នុងក្រុម ដែលបង្វឹកដោយលោក Ralf Rangnick។ ក្នុងរដូវកាលនេះ Wan-Bissaka ពុំសូវទទួលបានឱកាសលេងនោះទេ ហើយគេកាន់តែពិបាក នៅពេលទទួលបានដំណឹងពីការបន្ដកុងត្រាថ្មីរបស់ Dalot៕