Paul Ince ថា​កីឡាករ​ចំណូល​ថ្មី​ម្នាក់​នេះ នឹង​ក្លាយជា Legend នៅ Liverpool

0

អតីត​កីឡាករ​ជើង​ចាស់​លោក Paul Ince យល់​ឃើញ​ថា​កីឡាករ Luis Diaz នឹង​អាច​ក្លាយជា Legend ប្រចាំ​ក្លឹ​ប នា​ពេល​អនាគត ទោះបី​គេ​ទើប​ផ្ទេរ​មក​ចូលរួម​ក្រុម​ក៏​ដោយ​។

ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Luis Diaz ដែល​ត្រូវ​បាន​ហង្ស​ក្រហម ទិញ​ចេញពី​ក្លឹ​ប​ព័រ​ទុ​យ​ហ្គា​ល់ នៅ​តម្លៃ​ប្រមាណ ៦០ លាន​អឺ​រ៉ូ កាលពី​ពេល​កន្លង ទៅ​។ ក្នុង​នោះ​មាន​ទាំង Barcelona និង Tottenham Hotspur ក៏​ចាប់ចិត្ត​លើ​កីឡាករ​ខាងលើ​ផង​ដែរ តែ​ចុង​ក្រោយ​ត្រូវ​បាន Liverpool ប្រជែង​យកឈ្នះ​។

យ៉ាងណាមិញ​លោក Paul Ince បាន​និយាយ​ថា​៖ “Diaz គេ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់ ខ្ញុំ​មើល​គេ​លេង​តាំងពី​កាល​នៅ Porto ហើយ​ខ្ញុំ​គិត​ថា គេ​ជា​កីឡាករ​ដ៏​ពិសេស តាម​រយៈ​ការ​ដែល​ក្លឹ​ប​ទិញ​យក Jota និង Diaz តើ​នេះ​មាន​ន័យ​ថា Salah និង Mane ប្រហែលជា​ទៅ​មែន​ទេ​”​។

លោក​បន្ត​៖ “​សម្រាប់ Diaz ពិត​ណាស់​គេ​នឹង​រកបាន​គ្រាប់​បាល់ គេ​នឹង​បង្កើត​ឱកាស មើល​តែ​ថ្ងៃ​លេង​ប៉ះ Leicester ទៅ គេ​លេង​ស៊ីចង្វាក់ ប្រៀប​ដូច​កីឡាករ​នៅ​ក្លឹ​ប ៤ ទៅ ៥ ឆ្នាំទៅ​ហើយ នេះ​គេ​មាន​តែ​ល្អ​ឡើង ហើយ​អ្នកគាំទ្រ​នឹង​ស្រលាញ់​ពេញចិត្ត​ដោយ Diaz ងាយ​នឹង​ក្លាយជា Legend មួយ​រូប​នៅ Liverpool”​។

គួរ​ជម្រាប​ថា មក​ទល់​ពេល​នេះ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​សរុប ១២២ នាទី​ហើយ​លើ​ទីលាន ឲ្យ​ក្រុម​ក្រោម​ដឹកនាំ​ដោយ​លោក Jurgen Klopp៕