បច្ចុប្បន្នកីឡាករឆ្នើម Erling Haaland កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមធំៗដូចជា Manchester United និង Barcelona ជាដើម បន្ទាប់ពីលក្ខខណ្ឌទិញផ្ដាច់កុងត្រាតម្លៃជាង ៦០ លានផោនរបស់ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះជិតបើកឲ្យដំណើរការ។
ក្រឡេកទៅមើលស្ថានការណ៍ជាក់ស្ដែងរបស់ម្ចាស់ដី Camp Nou ការដែលតាមទិញម៉ាស៊ីនរកគ្រាប់បាល់ម្នាក់នេះអាចនិយាយបានថា ជារឿងដែលចាំបាច់ត្រូវតែធ្វើ ត្បិតតែកន្លងមកក្រុមហាក់មិនសូវជាធ្វើបានល្អឡើយនៅតំបន់ប្រយុទ្ធ។
យោងតាម Sport បានចុះផ្សាយថា Barcelona បានត្រៀមជាស្រេចក្នុងការលក់ចេញកីឡាករដល់ទៅ ៤ រូបដើម្បីអាចធានានូវលទ្ធភាពចុះកុងត្រាយក Haaland មកកាន់ទឹកដីអេស្ប៉ាញ ខណៈកីឡាករទាំង ៤ រូបនោះគឺ Ousmane Dembele, Sergi Roberto, Memphis Depay និង Luuk de Jong។
ប្រភពដដែលបន្ថែមទៀតថា តម្លៃផ្ដាច់កុងត្រារបស់កីឡាករម្នាក់នេះមិនមែនជាបញ្ហាឡើយ តែថ្លៃពលកម្មរបស់គេទើបជារឿងចំបង ដូច្នេះ Barca សង្ឃឹមថា ការដែលលក់ចេញកីឡាករ ៤ រូបខាងលើ រួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភផ្សេងៗផង នឹងអាចធានាបាននូវតម្លៃពលកម្មដ៏មហាសាលរបស់យុវជនវ័យ ២១ ឆ្នាំរូបនេះបាន៕