Manchester United បាននិយាយសារជាថ្មីថា Mason Greenwood នឹងមិនហ្វឹកហាត់ ឬបង្ហាញខ្លួនលេងឱ្យក្លឹប រហូតដល់មានការជូនដំណឹងបន្ថែម បើទោះបីជាខ្សែប្រយុទ្ធរូបនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំក៏ដោយ ។
កីឡាករសញ្ជាតិអង់គ្លេសវ័យ ២០ឆ្នាំរូបនេះ ត្រូវបានបិសាចក្រហមផ្អាកការងារ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភសេពសន្ថវៈ និងគំរាមសម្លាប់មិត្តស្រីរបស់គេ ។
Greenwood ត្រូវបានគេឃុំក្នុងបន្ទប់រយៈពេល ៣ថ្ងៃក្រោយចាប់ខ្លួនកាលពីថ្ងៃ អង្គារ ប៉ុន្តែត្រូវបានដោះលែងឲ្យក្រៅឃុំជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃ ពុធ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមពីប៉ូលិលក្រុង Manchester។
ទោះបីជាមានការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នក៏ដោយ តែ Man Utd បានបញ្ជាក់សារជាថ្មីថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងមិនចូលរួមក្នុងការហ្វឹកហាត់ ឬការប្រកួតរហូតដល់មានការជូនដំណឹងបន្ថែម។
អ្នកនាំពាក្យរបស់ក្លឹបបាននិយាយថា “ ទោះបីជា Mason ត្រូវបានដោះលែងឱ្យនៅក្រៅឃុំក៏ដោយ ក្លិបនៅតែរក្សាជំហរបស់ខ្លួនដោយរូបគេមិនចូលរួមក្នុងការហ្វឹកហាត់ ឬការប្រកួតរហូតដល់មានការជូនដំណឹងបន្ថែម” ។
គួរបញ្ជាក់ថា Man Utd នឹងធ្វើការប្រកួតទល់នឹងក្រុម Middlesbrough នៅថ្ងៃ សុក្រ នេះនៅទឹកដី Old Trafford ក្នុងជុំទី ៤ នៃពានរង្វាន់ FA Cup ៕