ក្លិបកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើកីឡាករ ៣រូប ដើម្បីនាំចូលក្នុងរដូវក្តៅខាងមុខ ដោយពួកគេបានត្រៀមកញ្ចប់ប្រាក់ដ៏ធំដល់ទៅ ១៨០លានផោន (ប្រមាណ ២៤៤ លានដុល្លារ) ឯណោះ។
គ្រប់គ្នាពិតជាបានដឹងហើយថា នៅក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករាកន្លងមកនេះ Arsenal បានបញ្ចេញកីឡាករអស់ជាច្រើនរូប មានទាំងដោយរលូន និងចម្រូងចម្រាស់ ក្នុងលក្ខខណ្ឌលក់ផ្តាច់ និងខ្ចីជើង ប៉ុន្តែមិនមានការនាំចូលកីឡាករថ្មីនោះឡើយ ដែលជាហេតុនាំឲ្យ អ្នកចាត់ការលោក Mikel Arteta មានការព្រួយបារម្ភខ្លាំង ក្នុងតំបន់បម្រើប្រយុទ្ធ ដូច្នេះក្លិបបានរៀបចំផែនការ ជាមួយនឹងកញ្ចប់លុយដ៏ធំ សម្រាប់ទិញកីឡាករថ្មីចូល ក្រោយបញ្ចប់រដូវកាលនេះ។
យោងតាម The Sun បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal នឹងត្រៀមកញ្ចប់លុយ ១៨០លាន ដើម្បីនាំចូលកីឡាករ ៣រូប ដែលជាគោលដៅធំរបស់ក្លឹបក្នុងរដូវខាងមុខនេះ រួមមាន Alexander Isak របស់ Real Sociedad , Dominic Calvert- Lewin របស់ Everton និង Ruben Neves របស់ Wolves៕