កីឡាករ Sergio Ramos រើរបួសកំភួនជើងឡើងវិញ បន្ទាប់ពីចូលហ្វឹកហាត់បាន ១៦ ថ្ងៃប៉ុណ្ណោះ មុនការប្រកួតរវាង Paris Saint-Germain ទល់នឹង Real Madrid នៅ Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទីមួយ។
ការសែត Le Parisien បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានបង្ខំឱ្យចាកចេញពីការហ្វឹកហាត់មុនម៉ោង ជាមួយនឹងបញ្ហារាងកាយ ហើយក្លឹបបានបញ្ជាក់រឿងនេះកាលពីថ្ងៃអាទិត្យផងដែរ។
ទន្ទឹមនឹងនោះ PSG បាននិយាយថា Sergio Ramos ត្រូវសម្រាកសម្រាប់របួសសាច់ដុំកម្រិតទាបនៅកំភួនជើងខាងស្តាំរបស់គាត់ ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍អំឡុងពេលហ្វឹកហាត់ ហើយនឹងត្រូវបានវាយតម្លៃឡើងវិញនៅពាក់កណ្តាលសប្តាហ៍។
Mauricio Pochettino ក៏ត្រូវបានសួរអំពី Ramos ផងដែរនៅក្នុងសន្និសីទកាសែត ប៉ុន្តែមិនអាចនិយាយបានច្រើនទេ។ គ្រូបង្វឹករូបនេះបានបន្តថា៖ «យើងដឹងថា ដោយមានរបួសបែបនេះ អ្នកត្រូវតែធ្វើតាមការវិវត្តន៍ជារៀងរាល់ថ្ងៃ ដូច្នេះវាពិបាកក្នុងការដឹងថា តើគាត់នឹងមិនអាចចូលរួមហ្វឹកហាត់បានដល់ពេលណា»។
Pochettino ក៏បានបញ្ជាក់ផងដែរថា Lionel Messi គួរតែអាចចាប់ផ្តើមការប្រកួតរបស់ PSG ជាមួយ Nice នៅថ្ងៃចន្ទ៕