បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា កីឡាករ Paul Pogba នឹងបន្តស្នាក់នៅជាមួយក្លឹប Manchester United លើសពីរដូវក្តៅ ប្រសិនបើលោក Ralf Rangnick នៅតែជាអ្នកចាត់ការក្រុម។
នេះត្រូវបានគេជឿជាក់ថាកីឡាករសញ្ជាតិបារាំងរូបនេះ សប្បាយចិត្តចំពោះគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ ជាមួយនិងផែនការសម្រាប់គាត់នៅ United ដែលធ្វើអោយគាត់សុខចិត្តផ្លាស់ប្តូរគំនិតរបស់ខ្លួនអំពីអនាគតនៅ Old Trafford។
គួរបញ្ជាក់ថាកិច្ចសន្យារបស់ Pogba នឹងផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែគាត់នឹងពិចារណាលើការចុះហត្ថលេខាថ្មី ប្រសិនបើគាត់អាចរីករាយនឹងប៉ុន្មានខែចុងក្រោយរបស់ខ្លួន ហើយប្រសិនបើលោក Rangnick ប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់គាត់ចំពោះ Pogba៕