ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ឪពុករបស់ចាន់ វឌ្ឍនាកា បានអោយដឹងថា “ក្នុងនាមខ្ញុំបាទជាឪពុកម្ដាយនិងក្រុមគ្រួសាររបស់កីឡាករចាន់ វឌ្ឍនាកាសូមលំអោនកាយគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការ:ដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានជួយឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន 50.000$ ប្រាំមុឺនដុល្លាសហរដ្ឋអាមេរិកដេីម្បីព្យាបាលរបួសរបស់កូនខ្ញុំបាទ។
ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រីនិងចៅៗជាទីស្រឡាញ់សូមមេត្តាបន្តមានសុខភាពល្អប្រសើរ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាអោយសម្បូរណ៍រុងរឿងថែមទៀត ។
ជាមួយគ្នានេះដែរខ្ញុំបាទនិងក្រុមគ្រួសារក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកស្រី ពុធ ធីតាប្រធានក្លឹបនិងស្វាមី លោកបែរ មករាអ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់បឹងកេតដែលបានខ្នះខ្នែងជ្រោមជ្រែងលះបង់កម្លាំងកាយនិងថវិកាតាំងពីពេលរបួសរហូតដល់ពេលនេះបាននិងកំពុងរៀបចំបែបបទដេីម្បីចេញទៅវះកាត់នៅប្រទេសថៃ ។
សូមអរគុណដល់បងប្អូន កូនក្មួយនិងចៅៗនិងហ្វេនទាំងអស់ដែលបានបារម្ភនិងជូនពរ អោយកូនប្រុសរបស់ខ្ញុំឆាប់ជាសះស្បើយដូចដេីមឡេីងវិញ។ ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត”៕