អ៊ី​រ៉​ង់​ជា​ក្រុម​ដំបូង​គេ​មក​ពី​អាស៊ី ឆ្លង​វគ្គ​ជម្រុះ​ឡើង​ទៅ​លេង World Cup 2022 នៅ​កា​តា

0

ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ី​រ៉​ង់ បាន​ធានា​កៅអី​ឡើង​ទៅ​កាន់​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កា​តារ បន្ទាប់​ពី​បាន​យកឈ្នះ​អ៊ី​រ៉ា​ក់ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល A ប្រចាំ​ទ្វីបអាស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ខ្សែប្រយុទ្ធ Mehdi Taremi បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​តែ​មួយ​គ្រាប់​គត់​សម្រាប់​ក្រុម​អ៊ី​រ៉​ង់ ក្នុង​ជំនួប​ដ៏​តានតឹង​នៅ​កីឡដ្ឋាន Azadi ដែល​ជួយ​ឱ្យ​ពួក​គេ​រំកិល​ឡើង​ទៅ​កាន់​កំពូល​តារាង​វគ្គ​ជម្រុះ​។

សម្រាប់​ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ​អ៊ី​រ៉​ង់​ឆ្លង​ទៅ​កាន់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ៣​លើក​ជាប់​ៗ​គ្នា បន្ទាប់​ពី​បាន​ចូលរួម​នៅ​ប្រទេស​ប្រេ​ស៊ី​ល និង រុ​ស្ស៊ី ហើយ​នេះ​ជា​លើក​ទី​៦​ដែល​ពួក​គេ​ឈាន​ដល់​វគ្គ​នេះ​។

បច្ចុប្បន្ន​អ៊ី​រ៉​ង់​ឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល A ទទួល​បាន​១៩​ពិន្ទុ​ពី​ការ​លេង​៧​ប្រកួត ខណៈ​ក្រុម​លេខ​២​កូរ៉េ​ខាងត្បូង​ក៏​មាន​សង្ឃឹម​ខ្ពស់​ផង​ដែរ ក្នុង​ការ​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ​៕