ក្រុមប្រឹក្សាភិបាលរបស់ Manchester United បានរៀបចំបញ្ជីឈ្មោះបេក្ខភាពជាអ្នកគ្រប់គ្រងចំនួនបួនរូប ខណៈដែលក្លឹបកំពុងសម្លឹងឆ្ពោះទៅមុខយុទ្ធនាការឆ្នាំ ២០២២/២៣។
បិសាចក្រហម បានចែកផ្លូវជាមួយលោក Ole Gunnar Solskjaer នៅពាក់កណ្តាលខែវិច្ឆិកា ហើយបានតែងតាំងលោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្នសម្រាប់រដូវកាលដែលនៅសេសសល់ បន្ទាប់ពីមួយសប្តាហ៍ក្រោយមក។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះ នឹងទទួលតួនាទីប្រឹក្សារយៈពេលពីរឆ្នាំ នៅពេលដែលពេលវេលាជាគ្រូបង្វឹកបណ្តោះអាសន្នរបស់គាត់បានបញ្ចប់ ហើយគាត់កំពុងធ្វើការជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លឹប ដើម្បីកំណត់ការតែងតាំងរយៈពេលវែងនៅ Old Trafford ។
លោក Mauricio Pochettino ត្រូវបានគេចាត់ទុកថា ជាបុគ្គលដ៏សក្តិសមបំផុត ក្នុងការតែងតាំងជាអ្នកចាត់ការ ហើយក្លឹបបានព្យាយាមជួលគាត់ពីរដងរួចមកហើយកាលពីអតីតកាល។
ទោះជាយ៉ាងណាក៏ដោយលោក Erik Ten Hag ក៏មានអ្នកកោតសរសើរជាច្រើនផងដែរនៅ Old Trafford ហើយអ្នកចាត់ការហូឡង់រូបនេះ ក៏ចង់ចាកចេញពី Ajax នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីសាកល្បងខ្លួនឯងនៅក្នុងលីកកំពូលទាំង ៥ របស់អឺរ៉ុប។
លើសពីនេះ ក៏មានអតីតអ្នកចាត់ការក្លឹប FC Barcelona លោក Luis Enrique ដែលមានបំណងចង់ចូលដឹកនាំក្លឹបវិញ ខណៈដែលគាត់ចូលឆ្នាំទីបួនក្នុងនាមជាអ្នកចាត់ការជម្រើសជាតិអេស្ប៉ាញ។
Enrique មានឆន្ទៈក្នុងការទទួលតួនាទីជាអ្នកចាតា់ករក្លឹបសម្រាប់ដើមរដូវកាលក្រោយ ហើយគាត់នឹងពិចារណាបន្តធ្វើជាគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ រហូតដល់បញ្ជប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងខែធ្នូ។
អតីតគ្រូបង្វឹកក្រុម Real Madrid លោក Julen Lopetegui គឺជាបេក្ខជនម្នាក់ចុងក្រោយ ហើយគាត់ស្ថិតក្នុងបញ្ជីសម្រាំងរបស់ Man United ក្នុងខែវិច្ឆិកា ខណៈដែលពួកគេស្វែងរកអ្នកជំនួសតំណែងរយៈពេលខ្លីសម្រាប់ Solskjaer ។
គួររំលឹកដែរថាបុរសវ័យ ៥៥ ឆ្នាំរូបនេះធ្លាប់បានបានដឹកនាំ Sevilla ទៅ Europa League ក្នុងឆ្នាំ ២០២០៕