ក្លិបនៅលីគកំពូលអង់គ្លេស Watford បានបណ្ដេញអ្នកចាត់ការ Claudio Ranieri ចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមបាន១៤ប្រកួត ក្នុងរយៈពេលជិត៤ខែ។
អ្នកចាត់ការជនជាតិអ៊ីតាលីវ័យ ៧០ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ Watford កាលពីថ្ងៃទី៥ ខែតុលា ប៉ុន្ដែនៅក្រោមការដឹកនាំរបស់លោកពួកគេទទួលបានតែ ៧ពិន្ទុប៉ុណ្ណោះ ពីការលេង ១៣ប្រកួតនៅ Premier League។
បន្ទាប់ពីបរាជ័យ ៣-០ នៅក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Norwich City បានធ្វើឱ្យ Watford ធ្លាក់ទៅតំបន់ត្រូវកាត់ចេញក្នុងតារាង Premier League ទើបឈានដល់ការបញ្ចប់តំណែងលោក Ranieri។
យោងតាមការប្រកាសរបស់ក្លិបបាននិយាយថា ការផ្លាស់ប្ដូរជារឿងចាំបាច់ ដើម្បីផ្ដល់ឱកាសដល់គ្រូបង្វឹកតែងតាំងថ្មី ដើម្បីបញ្ចៀស Watford ពីបញ្ហា។ វាមានន័យថា Watford កំពុងស្វែងរកគ្រូបង្វឹកទី១៥ ចាប់តាំងពីក្លិបនេះកាន់កាប់ដោយគ្រួសារត្រកូល Pozzo ក្នុងឆ្នាំ២០១២៕