ខ្សែការពារឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Victor Lindelof នឹងខកខានសម្រាប់ការប្រកួតទល់នឹង West Ham United ក្នុងរាត្រីនេះ ដើម្បីទៅមើលថែរក្រុមគ្រួសារដែលរងការភ័យខ្លាច បន្ទាប់ពីត្រូវបានក្រុមចោរគាស់ផ្ទះចូលប្លន់ អំឡុងការប្រកួតជាមួយ Brentford។
ជាការពិតណាស់ Lindelof បានបង្ហាញខ្លួនពេញ ៩០ នាទីដើម្បីជួយក្រុមយកឈ្នះ Brentford ក្នុងលទ្ធផល ៣-១ កាលពីពេលកន្លងទៅ។ ចំពេលដែលប៉ូលីសជូនដំណឹងថា ផ្ទះរបស់គេដែលស្ថិតនៅភាគពាយ័ព្យទីក្រុងឡុង ត្រូវបានក្រុមចោរគាស់ចូលប្លន់យកទ្រព្យសម្បត្តិ ខណៈប្រពន្ធ និងកូនរបស់គាត់ បានចូលពួនសម្ងំនៅក្នុងបន្ទប់សុវត្ថិភាព។
ក្នុងនោះដែរក្លិប Manchester United ចេញសេចក្តីប្រកាសថា៖ «យើងអាចបញ្ជាក់បានថា សកម្មភាពចោរចូលផ្ទះរបស់ Victor Lindelof អំឡុងពេលយើងកំពុងប្រកួតក្រៅដីជាមួយ Brentford។ យ៉ាងណាមិញ ក្រុមគ្រួសាររបស់គាត់ មិនមានរងរបួសឡើយ ប៉ុន្តែពួកគេមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង។ នេះគឺជាបទពិសោធន៍ដ៏គួរអោយសោកស្ដាយមួយ សម្រាប់ពួកគេ។ Lindelof បានដឹងហេតុការណ៍បន្ទាប់ពីបញ្ចប់ការប្រកួត ហើយក្លិបបានផ្ដល់ឲ្យពួកគេ នូវការគាំទ្រយ៉ាងពេញទំហឹង»៕