Fred ចេញ​មុខ​បកស្រាយ ចំពោះ​ពាក្យ​ចចាមអារ៉ាម

0

ខ្សែបម្រើ​មាឌ​ល្អិត​ចិត្តធំ Fred របស់​ក្រុម Manchester United បាន​ច្រានចោល​របាយការណ៍​ដែល​ថា មាន​កីឡាករ​ជា​ច្រើន រួម​ទាំង​ខ្លួន​គាត់​ផង​ដែរ គឺ​មិន​សប្បាយចិត្ត​នៅ Old Trafford ដោយ​ចាត់​ទុក​ពាក្យ​ចចាមអារ៉ាម​ថា “​ព័ត៌មាន​ក្លែងក្លាយ​” ។

ក្លឹ​ប​បិសាច​ក្រហម បាន​ស៊ូទ្រាំ​នឹង​យុទ្ធនាការ​ដ៏​លំបាក​មួយ បើ​ទោះបីជា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គូប្រជែង​ដណ្តើម​ពាន មុន​ពេល​រដូវ​កាល​ចាប់ផ្តើម ដោយ​លោក Ole Gunnar Solskjaer ត្រូវ​បាន​បណ្តេញចេញ​នៅ​ចុងខែ​វិច្ឆិកា ហើយ​ក៏​បាន​តែងតាំង​គ្រូបង្វឹក​បណ្តោះអាសន្ន​លោក Ralf Rangnick​។

ជាក់ស្ដែង បន្ទាប់​ពី​ចាញ់ Wolves កាលពី​លើក​មុន Man Utd នៅ​តែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី 7 ក្នុង​តារាង Premier League ហើយ​ទម្រង់​នៃ​ការ​ខកចិត្ត​របស់​ពួក​គេ​បាន​ជំរុញ​ឱ្យ​មាន​រលក​នៃ​រឿងរ៉ាវ​ដែល​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្តជា​ច្រើន​នៅ​ក្នុង​ក្រុម​។

យោង​តាម​កាសែត Daily Mail ថា​មាន​កីឡាករ 17 នាក់​មិន​សប្បាយចិត្ត និង​ធុញទ្រាន់​នឹង​ស្ថានភាព​របស់​ក្លឹ​ប​បច្ចុប្បន្ន ទើប​ធ្វើ​ឲ្យ​ពួក​គេ​ចង់​ចាកចេញ​។

ទោះជា​យ៉ាងណា​ក៏​ដោយ Fred បាន​ចេញ​មុខ​ឆ្លើយ​តប​នឹង​របាយការណ៍ ហើយ​ទទូច​ថា​គាត់ “​រីករាយ​ណាស់​” នៅ United ហើយ​មិន​ដែល​បង្ហាញ​ពី​បំណង​ចង់​ចាកចេញ​នោះ​ទេ ខណៈ​ពេល​ដែល​គាត់​ក៏​បានការ​ពារ​មិត្ត​រួម​ក្រុម​របស់​គាត់ និង​ទទូច​ឱ្យ​កីឡាករ​គ្រប់​គ្នា​រួបរួម​គ្នា​។

គួរ​បញ្ជាក់​ថា Paul Pogba, Jesse Lingard និង Anthony Martial ក៏​បាន​សុំ​ចាក​ចេញពី Old Trafford ក្នុង​ខែ​នេះ​ផង​ដែរ​៕